(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃសៅរ៍នេះបានឲ្យដឹង ការជឿទុកចិត្តគ្នាខាងនយោបាយជាមួយរុស្ស៊ីបានបន្តរឹតតែស៊ីជម្រៅ បន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេស លោក ម៉ា ចាវស៊ូ (Ma Zhaoxu) ធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៉ី ហើយជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក សឺហ្គៃ ឡារ៉ូវ (Sergei Lavrov) ក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបទេសបានគូសបញ្ជាក់ថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ីដើម្បីអនុវត្តភាពជាដៃគូយុទ្ធសាស្ត្ររបស់ពួកគេ និងជំរុញឱ្យមានការរីកចម្រើនបន្ថែមទៀត។ ក្នុងដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែកុម្ភៈ លោក ម៉ា ក៏បានជួបជាមួយអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាន់ដ្រេ រូដិនកូ (Andrey Rudenko) និងលោក សឺហ្គេ វឺស៉ីនីន (Sergey Vershinin) ដោយក្នុងជំនួបនោះ លោកបានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ព្រមទាំងបញ្ហាអន្តរជាតិ និងតំបន់ដែលជាកង្វល់រួម ផងដែរ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ឡារ៉ូវ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយចិនមិនមានដែនកំណត់ទេ ហើយទោះបីជាមិនមែនជាសម្ព័ន្ធមិត្តយោធាផ្លូវការក៏ដោយ ក៏មានលក្ខណៈខ្ពស់ជាង និងទូលំទូលាយជាងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិក ហើយដែលមេដឹកនាំទាំងពីរបាននិយាយថានឹងមិនមានផ្នែកហាមឃាត់ណាមួយ នៃកិច្ចសហប្រតិបត្តិការនោះទេ៕