(ប្រាស៉ីលីយ៉ា)៖ កងទ័ពជើងទឹកប្រេស៉ីលបានប្រកាសឱ្យដឹងថា ខ្លួនបានពន្លិចនាវាផ្ទុកយន្តហោះចម្បាំងឈ្មោះ សៅ ប៉ូឡូ (Sao Paulo) ដែលលែងប្រើប្រាស់តទៅ ចោលនៅឯមហាសមុទ្រអាត្លង់ទិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
កងទ័ពជើងទឹកប្រេស៉ីលបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ការពន្លិចនាវាយោធាខាងលើបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃសុក្រ នៅចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ លើផ្ទៃមហាសមុទ្រអាត្លង់ទិច ហើយនាវានោះបានលិចទៅក្រោមបាតសមុទ្រជម្រៅ ៥,០០០ម៉ែត្រ។ ការសម្រេចចិត្តពន្លិចនាវាផ្ទុកយន្តហោះចម្បាំង ដែលមានចំណាស់៦ទសវត្សរ៍មកហើយនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរប្រេស៉ីលមិនអាចស្វែងរកកំពង់ផែណា ដែលស្ម័គ្រទទួលយកវាឱ្យចូលចត។
ខណៈក្រុមមន្រ្តីការពារជាតិប្រេស៉ីល បានអះអាងថា ពួកគេនឹងពន្លិចនាវាខាងលើ នៅទីតាំងដែលមានសុវត្ថិភាពបំផុតក៏ដោយក្តី ក្រុមសកម្មជនគាំពារបរិស្ថាន បានរិះគន់ការសម្រេចចិត្តធ្វើបែបនេះ ក្រោមហេតុផលថា នាវា Sao Paulo មានផ្ទុកសារធាតុមួយចំនួន ដែលអាចរលាយចូលទឹក ហើយបង្កការបំពុលចំពោះខ្សែអាហារក្នុងផ្ទៃសមុទ្របាន។
គួរបញ្ជាក់ថា នាវាផ្ទុកយន្តហោះចម្បាំង Sao Paulo ដំបូងឡើយគឺជានាវារបស់បារាំង ដែលត្រូវបានសាងសង់ឡើងកាលពីចុងទសវត្សរ៍ឆ្នាំ ១៩៥០ ហើយកងទ័ពជើងទឹកបារាំង បានប្រើប្រាស់នាវានេះ ក្រោមឈ្មោះហៅថា ហ្វូច (Foch) អស់រយៈពេល៣៧ឆ្នាំ មុនពេលត្រូវប្រេស៉ីលទិញយកមក កាលពីឆ្នាំ២០០០ ក្នុងតម្លៃ១២លានដុល្លារ ហើយប្តូរឈ្មោះជា Sao Paulo។ កងទ័ពជើងទឹកប្រេស៉ីលបានប្រកាសឈប់ប្រើប្រាស់វាតទៅទៀត កាលពីឆ្នាំ២០១៧។ កាលពីឆ្នាំទៅមិញ ប្រេស៉ីលបានអនុញ្ញាតឱ្យក្រុមហ៊ុនតួកគីមួយ យកនាវាផ្ទុកយន្តហោះចម្បាំងនេះ ទៅរុះរើចោលដើម្បីយកគ្រឿងដែកវាទៅកែច្នៃ ប៉ុន្តែផែនការនោះត្រូវបានរារាំងដោយក្រុមសកម្មជនបរិស្ថានតួកគី៕