(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ ទីក្រុងប៉េកាំងបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកនយោបាយអាមេរិក បាននាំគ្នាឆ្លៀតឱកាសទាញយកផលចំណេញ ជុំវិញការអះអាងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៉ីនតោន ដែលថាចិនបានបញ្ជូនបាឡុងខ្យល់មួយ ឱ្យមកហោះស៉ើបយកការណ៍ ពីលើសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ការប្រទះឃើញបាឡុងខាងលើ បានជំរុញឱ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន សម្រេចផ្អាកគម្រោងទស្សនកិច្ចកម្រមួយ ទៅកាន់ទីក្រុងប៉េកាំង ដែលត្រូវធ្វើឡើងនៅចុងសប្តាហ៍នេះ។ មុនការប្រកាសលុបចោលទស្សនកិច្ចនោះ ដែលមានគោលដៅបន្ធូរបន្ថយ ភាពតានតឹងរវាងប្រទេសទាំងពីរ ចិនបានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញការសោកស្តាយ និងបន្ទោសលើខ្យល់ថា បាននាំយកបាឡុងដែលខ្លួនអះអាងថាជា បាឡុងស៉ីវិលសម្រាប់ការងារស្រាវជ្រាវឧតុនិយម រសាត់ចូលទៅដល់ដែនអាកាសរបស់សហរដ្ឋអាមេរិក។
នៅថ្ងៃសៅរ៍នេះ ក្រសួងការបរទេសចិន ក៏បានចេញសេចក្តីថ្លែងការណ៍មួយផ្សេងទៀត។ សេចក្តីថ្លែងការណ៍នោះ បានលើកឡើងដូច្នេះថា «ចិនមិនដែលបំពានទឹកដី និងដែនអាកាសរបស់រដ្ឋអធិបតេយ្យណាមួយឡើយ។ អ្នកនយោបាយនិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន នៅសហរដ្ឋអាមេរិក ឆ្លៀតឱកាសបានប្រើប្រាស់ឧប្បត្តិហេតុនេះ ធ្វើជាលេសដើម្បីវាយប្រហារនិងបង្ខូចឈ្មោះចិន»។
ក្រសួងការបរទេសចិនបន្តថា ឧប្បត្តិហេតុខាងលើគឺជារឿងហេតុចៃដន្យដែលមើលពុំឃើញជាមុន ហើយខ្លួនតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួនជានិច្ច នូវច្បាប់អន្តរជាតិ ហើយគោរពអធិបតេយ្យនិងបូរណភាពរបស់ប្រទេសនានា។ ទីក្រុងប៉េកាំងបានបន្ថែមថា ការរក្សាមធ្យោបាយទំនាក់ទំនងនៅគ្រប់កម្រិតទាំងអស់ គឺជារឿងសំខាន់ ជាពិសេសនោះគួរដោះស្រាយស្ថានការណ៍មួយចំនួន ដែលមិនអាចស្មានដឹងជាមុន ក្នុងឥរិយាបថមួយ ដែលគួរឱ្យទុកចិត្តនិងមិនឆេវឆាវ។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនបានចាត់ទុកវត្តមានបាឡុងចិន ដែលកំពុងបន្តហោះនៅលើទឹកដីរបស់ខ្លួន ជាការបំពានយ៉ាងជាក់ស្តែង ចំពោះអធិបតេយ្យរបស់សហរដ្ឋអាមេរិក ក៏ដូចជាចំពោះច្បាប់អន្តរជាតិ។ សេតវិមានបានសង្កត់ធ្ងន់ថា វាជារឿងពុំអាចទទួលយកបានឡើយ ដែលឧប្បត្តិហេតុបែបនេះបានកើតឡើង។ ក្រុមមន្រ្តីអាមេរិកបានប្រាប់ថា ដំបូងឡើយថ្នាក់ដឹកនាំយោធា បានពិចារណាចង់បាញ់ទម្លាក់បាឡុងនោះ នៅលើរដ្ឋម៉ុនតាណា កាលពីថ្ងៃពុធ ប៉ុន្តែចុងក្រោយក៏សម្រេចផ្តល់យោបល់ដល់ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កុំឱ្យធ្វើបែបនោះវិញ ដោយសារក្តីបារម្ភពីហានិភ័យសុវត្ថិភាព ដែលអាចបង្កឡើងដោយកម្ទេចកម្ទីរបស់វា៕