(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ មន្ទីរបញ្ចកោណបានប្រកាសពីការផ្តល់កញ្ចប់ជំនួយយោធាថ្មីទៀតដល់អ៊ុយក្រែន ដែលមានទំហំ ២.១៧៥ពាន់លានដុល្លារ ហើយក្នុងនោះរួមមានទាំងគ្រាប់រ៉ុក្កែតប្រភេទថ្មី ដែលនឹងអនុញ្ញាតឱ្យកងកម្លាំងរបស់ទីក្រុងកៀវ អាចវាយប្រហារបានឆ្ងាយជាងមុនទ្វេដង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
អាវុធថ្មីខាងលើហៅកាត់ថា GLSDB នឹងអនុញ្ញាតឱ្យយោធាអ៊ុយក្រែនបាញ់វាយប្រហារទៅលើគោលដៅ បានក្នុងចម្ងាយឆ្ងាយជាងមុនពីរដង បើធៀបនឹងគ្រាប់រ៉ុក្កែតបច្ចុប្បន្ន ដែលពួកគេបាននិងកំពុងប្រើ ដើម្បីបាញ់ចេញពីប្រព័ន្ធបាញ់ផ្លោងគ្រាប់រ៉ុក្កែត HIMARS ដែលត្រូវបានផ្គត់ផ្គងពីសំណាក់សហរដ្ឋអាមេរិក។ រយៈចម្ងាយវាយប្រហារ១៥១គីឡូម៉ែត្រ របស់រ៉ុក្កែត GLSDB នឹងធ្វើឱ្យខ្សែបណ្តាញផ្គត់ផ្គង់ទាំងអស់របស់រុស្ស៉ី នៅឯតំបន់ភាគខាងកើតអ៊ុយក្រែន ស្ថិតក្រោមហានិភ័យនៃការវាយប្រហាររបស់អ៊ុយក្រែន ហើយផ្នែកខ្លះនៃតំបន់គ្រីមៀ ដែលរុស្ស៉ីកាត់យកពីអ៊ុយក្រែន តាំងតែពីឆ្នាំ២០១៤ ក៏ដូចគ្នា។
គួរបញ្ជាក់ថា នៅពេលគ្រាប់រ៉ុក្កែតថ្មីទាំងនេះទៅដល់ វានឹងជាលើកដំបូងបំផុតដែលអ៊ុយក្រែន មើលឃើញសមត្ថភាពបាញ់ផ្លោងរបស់សព្វាវុធខ្លួន ត្រូវបានបង្កើនឱ្យរីកធំខ្លាំង គិតចាប់តាំងពីការផ្តល់ប្រព័ន្ធ HIMARS ពីសហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០២២មក។ គ្រាប់រ៉ុក្កែតរបស់ HIMARS ផ្ទាល់ មានសមត្ថភាពវាយប្រហារបានចម្ងាយ៧៧គីឡូម៉ែត្រ ហើយប្រព័ន្ធសព្វាវុធនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចប្រឹងប្រែងវាយបកតបតរបស់អ៊ុយក្រែន ប្រឆាំងនឹងកងកម្លាំងរុស្ស៉ី ដែលបានចូលឈ្លានពានកាលពីថ្ងៃទី២៤ ខែកុម្ភៈ ២០២២។ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមកទល់នឹងពេលនេះ ជំនួយយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែន បានកើនដល់ជាង២៩.៣ពាន់លានដុល្លារហើយ៕