(វ៉ាស៉ីនតោន)៖ ប្រភពពីមន្រ្តីរដ្ឋាភិបាលអាមេរិក បានឱ្យដឹងកាលពីថ្ងៃសុក្រថា រដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន កំពុងតែពិភាក្សាគ្នាជាមួយក្រុមមន្រ្តីឥណ្ឌា ជុំវិញលទ្ធភាពដំណើរទស្សនកិច្ចមកកាន់សេតវិមាន ដោយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ក្នុងពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រភពខាងលើបានប្រាប់ថា កាលបរិច្ឆេទជាក់លាក់ មិនទាន់អាចត្រូវបានកំណត់ជាចុងក្រោយ នៅឡើយទេ ខណៈកិច្ចពិភាក្សាអំពីរឿងនេះ បានកើនឡើងសន្ទុះថែមទៀត នៅក្នុងសប្តាហ៍នេះ ស្របពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌា លោក អាជីត ដូវ៉ាល់ (Ajit Doval) បានជួបជាមួយសមភាគីអាមេរិក គឺលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងរដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន នៅទីក្រុងវ៉ាស៉ីនតោន។ កំលុងទស្សនកិច្ចរបស់លោក ដូវ៉ាល់ សហរដ្ឋអាមេរិកនិងឥណ្ឌា បានចាប់ផ្តើមភាពជាដៃគូថ្មីមួយ ដើម្បីធ្វើឱ្យចំណងទាក់ទងកាន់តែស៉ីជម្រៅ ពាក់ព័ន្ធផ្នែកបរិក្ខារយោធា បន្ទះឈីប និងបញ្ញាសិប្បនិម្មិត AI។
គួរបញ្ជាក់ថា លោក ចូ បៃដិន នឹងត្រូវបំពេញទស្សនកិច្ចទៅកាន់ទីក្រុងញូដេលី នៅខែកញ្ញា ឆ្នាំនេះផងដែរ សម្រាប់កិច្ចប្រជុំក្របខណ្ឌ G20 ដែលរៀបចំដោយឥណ្ឌាផងដែរ។ មិនតែប៉ុណ្ណោះ លោកប្រធានាធិបតីអាមេរិក ថែមនឹងត្រូវជួបជាមួយលោកនាយករដ្ឋមន្រ្តីឥណ្ឌា កំឡុងកិច្ចប្រជុំពាក់កណ្តាលឆ្នាំនៃក្រុមប្រទេសក្វាដ (Quad) ដែលរៀបចំដោយអូស្រ្តាលីផងដែរ។ លោក ម៉ូឌី ត្រូវបានអញ្ជើញមកកាន់សេតវិមានជាលើកដំបូង ដោយអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បន្ទាប់ពីលោកបានក្លាយជានាយករដ្ឋមន្រ្តីឥណ្ឌា កាលពីឆ្នាំ២០១៤៕