(ប៉េកាំង)៖ កាលពីថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការបរទេសចិន បានសម្តែងការសោកស្តាយចំពោះអ្វីដែលខ្លួនអះអាងថាជា បាឡុងស៉ីវិលមួយ ដែលត្រូវខ្យល់បោកបក់ទៅដល់ ក្នុងដែនអាកាសរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងការបរទេសចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា បាឡុងខ្យល់ដែលសហរដ្ឋអាមេរិកសង្ស័យជាបាឡុងស៉ើបការណ៍ តាមពិតគឺជាបាឡុងខ្យល់ស៉ីវិលមួយ ដែលត្រូវបានប្រើប្រាស់សម្រាប់ការងារស្រាវជ្រាវ ជាចម្បងនោះគឺសម្រាប់គោលដៅផ្នែកឧតុនិយម។ ទីក្រុងប៉េកាំងបានអះអាងថា បាឡុងខ្យល់នោះមិនសូវមានលទ្ធភាពខ្ពស់ ក្នុងការបង្វែរផ្លូវធ្វើដំណើររបស់វាឡើយ ហើយក៏រសាត់ចេញពីគន្លងផ្លូវដែលបានគ្រោងទុក ដោយសារតែខ្យល់។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបានឱ្យដឹងថា ខ្លួនកំពុងតាមឃ្លាំមើលបាឡុងស៉ើបការណ៍មួយ ដែលទំនងជារបស់ចិន និងស្ថិតនៅលើសហរដ្ឋអាមេរិក រយៈពេលប៉ុន្មានថ្ងៃមកហើយ។ ក្រុមថ្នាក់ដឹកនាំយោធាអាមេរិក បានសម្រេចផ្តល់យោបល់មិនឱ្យបាញ់ទម្លាក់បាឡុងខាងលើ ព្រោះខ្លាចកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ ដល់មនុស្សនៅខាងក្រោម។ មន្រ្តីយោធាអាមេរិកបាននិយាយថា ទីតាំងមួយដែលបាឡុងនោះបានហោះកាត់ គឺរដ្ឋម៉ុនតាណា (Montona) ជាទីដែលមូលដ្ឋានទ័ពអាកាសអាមេរិក ម៉ាលស្រ្តូម (Malmstrom) ស្ថិតនៅ ខណៈមូលដ្ឋានយោធានេះ ជាទីតាំងផ្ទុកកន្លែងបាញ់មីស៉ីលនុយក្លេអ៊ែររាប់រយគ្រាប់៕