(ប៊ែកឡាំង)៖ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា អាល្លឺម៉ង់បានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថក្រោះបញ្ជូនរថក្រោះប្រភេទ Leopard 1 ទៅកាន់អ៊ុយក្រែន ដែលជាការជំរុញមួយផ្សេងទៀតសម្រាប់ក្រុងកៀវ ខណៈដែលប្រទេសនេះកំពុងស្វែងរកអាវុធធុនធ្ងន់ ដើម្បីទប់ទល់នឹងកងកម្លាំងរបស់ទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក Stephen Hepistreet បាននិយាយនៅពេលត្រូវបានសួរអំពីរថក្រោះខ្លារខិន Leopard 1 ក្នុងសន្និសីទសារព័ត៌មានមួយថា «ខ្ញុំអាចបញ្ជាក់បានថា ... អាជ្ញាប័ណ្ណអនុញ្ញាតឲ្យនាំចេញបានចេញហើយ»។
ប៉ុន្តែលោកបដិសេធមិនផ្តល់ព័ត៌មានបន្ថែមទេ ដោយនិយាយថាព័ត៌មានលម្អិតបន្ថែមអាចនឹងលេចចេញនៅប៉ុន្មានថ្ងៃ និងសប្តាហ៍ខាងមុខទៀតនេះ។
គួរបញ្ជាក់ថា រថក្រោះខ្លារខិនប្រភេទ Leopard 1 ដែលជាសេរីមុនរថក្រោះ Leopard 2 បានចូលបម្រើសេវាកម្មជាលើកដំបូងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៦០ ហើយវាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយកងទ័ពនៅទូទាំងទ្វីបអឺរ៉ុប។
ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីប្រទេសអាល្លឺម៉ង់បានសន្យាផ្តល់ដល់ប្រទេសអ៊ុយក្រែន នូវរថខ្លារខិន Leopard 2 ចំនួន ១៤គ្រឿងពីឃ្លាំងស្តុកយោធារបស់ខ្លួន ខណក្រុមហ៊ុនផលិតក៏ចង់បញ្ជូនរថក្រោះប្រភេទនេះដែលស្តុកទុកផងដែរ។
ខណៈពេលដែលប្រទេសជាច្រើនបានសន្យាផ្តល់ឧបករណ៍យោធាដល់អ៊ុយក្រែនយ៉ាងច្រើនសន្ធឹកសន្ធាប់នាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ទីក្រុងកៀវបាន និងកំពុងទាមទារឱ្យមានយន្តហោះចម្បាំង Tiger ទំនើបបន្ថែមទៀត ដែលត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការទម្លុះខ្សែសត្រូវ៕