(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក និងហ្វីលីពីនបានព្រមព្រៀងគ្នា ក្នុងការបន្តការល្បាតរួមគ្នាឡើងវិញនៅសមុទ្រចិនខាងត្បូង ខណៈដែលប្រទេសជាសម្ព័ន្ធមិត្តនឹងគ្នាដ៏យូរអង្វែងមួយនេះ ព្យាយាមទប់ទល់នឹងការកើនឡើង នៃកម្លាំងយោធារបស់ចិន។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ក្នុងអំឡុងពេលទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ទៅកាន់ទីក្រុងម៉ានីល លោក និងសមភាគីហ្វីលីពីន លោក Carlito Galvez «បានយល់ព្រមបន្តការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង ដើម្បីជួយដោះស្រាយបញ្ហាប្រឈមសន្តិសុខ»។
មន្ត្រីជាន់ខ្ពស់ហ្វីលីពីនបានប្រាប់ទីភ្នាក់ងារ AFP នៅថ្ងៃសុក្រនេះថា កិច្ចព្រមព្រៀងដើម្បីដឹកនាំការល្បាតរួមគ្នានេះ បានកើតឡើងនៅ «នាទីចុងក្រោយ» នៃកិច្ចចរចាការពារជាតិកាលពីថ្ងៃព្រហស្បតិ៍រវាង លោក Austin និងលោក Galvez ។
ទន្ទឹមគ្នានោះ ក្រុមមន្ត្រីក៏បានប្រកាសផងដែរនូវកិច្ចព្រមព្រៀងមួយ ដើម្បីផ្តល់ឱ្យកងកម្លាំងអាមេរិក ចូលទៅកាន់មូលដ្ឋានចំនួនបួនបន្ថែមទៀតនៅក្នុង «តំបន់យុទ្ធសាស្ត្រ» នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងក្នុងការបន្តការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូងនេះ កើតឡើងចំពេលដែលប្រទេសទាំងពីរកំពុងព្យាយាមស្វែងរកការជួសជុលទំនាក់ទំនង ដែលបានខូចខាតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Duterte ដែលបានផ្តល់អាទិភាពដល់ប្រទេសចិន លើអតីតម្ចាស់អាណានិគមរបស់ប្រទេសខ្លួន៕