(ប៉េកាំង)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនកាលពីថ្ងៃទី២ ខែកុម្ភៈ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្មចិន បានណែនាំអំពីស្ថានភាពនៃការងារពាណិជ្ជកម្មក្នុងឆ្នាំ២០២២។ លោកស្រី Guo Tingting អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់ចិននៅឆ្នាំ ២០២២បានបង្កើតកំណត់ត្រាខ្ពស់ថ្មីថែមទៀតក្នុងប្រវត្តិសាស្ត្រ ពោលគឺ ទំហំនៃការនាំចេញនាំចូលទំនិញបានលើសពី ៤០ ទី្រលានយាន់ប្រាក់ចិន គឺបានឡើងដល់ ៤២.១ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៧.៧% ។

លោក Li Xingqian ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេស នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា នៅឆ្នាំ ២០២៣ ប្រទេសចិននឹងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីលំនឹងទំហំពាណិជ្ជកម្មបរទេស និងកែសម្រួលរចនាសម្ព័ន្ធពាក់ព័ន្ធ ក៏ដូចជាលំនឹងតួនាទីទ្រទ្រង់នៃការនាំចេញ នៅក្នុងសេដ្ឋកិច្ចជាតិផងដែរ។ លើសពីនេះទៅទៀត ប្រទេសចិននឹងជំរុញការបើកចំហកម្រិតខ្ពស់ ដើម្បីធ្វើឱ្យការធ្វើពាណិជ្ជកម្មបរទេសកាន់តែងាយស្រួល កាន់តែរលូន និងទទួលបានផលប្រយោជន៍កាន់តែច្រើន ដោយផ្តោតសំខាន់លើការអនុវត្តវិធានការចំនួន៤៖ ទី១ ពង្រឹងការជំរុញពាណិជ្ជកម្ម ។ ទី២ បង្កើនការនាំចូលដោយសមហេតុផល។ ទី៣ ធ្វើឱ្យស៊ីជម្រៅនូវការច្នៃប្រឌិតថ្មីផ្នែកពាណិជ្ជកម្ម ។ ទី៤ លំនឹងមូលដ្ឋានឧស្សាហកម្មពាណិជ្ជកម្មបរទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន