ន័រវែសនឹងបញ្ជាទិញរថក្រោះខ្លារខិន Leopard 2 ចំនួន៥៤គ្រឿង ពីអាល្លឺម៉ង់ (Video inside)
03-02-2023 17:41
(អូស្លូ)៖ នាយករដ្ឋមន្រ្តីន័រវែស បានប្រកាសឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសរបស់លោក នឹងធ្វើការបញ្ជាទិញរថក្រោះ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ចំនួន៥៤គ្រឿង សម្រាប់កងទ័ពជើងគោករបស់ខ្លួន ពីក្រុមហ៊ុនអាល្លឺម៉ង់ ក្រោស-ម៉ាហ្វៃ វេកម៉ាន គ្រុប (Krauss-Maffei Wegmann Group)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
នាយករដ្ឋមន្រ្តីន័រវែស លោក យ៉ូណាស់ ហ្កាស្ត័រ (Jonas Gahr Store) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា «យើងនឹងធានាថា ពួកយើងមានរថក្រោះប្រភេទដូចគ្នាទៅនឹង បណ្តាប្រទេសជិតខាងនៅតំបន់អឺរ៉ុបខាងជើង ព្រមទាំងសម្ព័ន្ធមិត្តសំខាន់ៗជាច្រើនទៀត នៅក្នុងអង្គការណាតូ (NATO)»។ បើតាមលោក ហ្កាស្ត័រ ន័រវែសដែលមានព្រំប្រទល់ជាប់រុស្ស៉ីដែរនោះ ក៏នឹងទទួលបានជម្រើសដើម្បីទិញរថក្រោះ ១៨គ្រឿងបន្ថែម នាពេលក្រោយទៀតផង។
គួរបញ្ជាក់ថា កន្លងមកនេះ ន័រវែសបានពិចារណាក្នុងការជ្រើសរើសទិញរថក្រោះថ្មីៗ រវាងរថក្រោះ Leopard 2 A7 របស់អាល្លឺម៉ង់ និងរថក្រោះ K2 Black Panther ដែលផលិតដោយក្រុមហ៊ុន ហ៉ីយុនដាយ រ៉ូតឹម (Hyundai Rotem) របស់កូរ៉េខាងត្បូង។ ន័រវែសក៏ស្ថិតក្នុងចំណោមប្រទេសលោកខាងលិច ដែលបានសន្យាផ្តល់រថក្រោះឱ្យទៅអ៊ុយក្រែនផងដែរ។ បច្បុប្បន្ន ប្រទេសអឺរ៉ុបខាងជើងមួយនេះ មានរថក្រោះ Leopard ប្រហែល៣៦គ្រឿង៕