(ហ្សាការតា)៖ នៅថ្ងៃសុក្រនេះ ឥណ្ឌូណេស៉ីបានប្រកាសប្រាប់ទៅកាន់ ប្រទេសមហាអំណាចថា កុំប្រើប្រាស់អាស៊ានធ្វើជាកូនអុក សម្រាប់ការប្រកួតប្រជែងឥទ្ធិពលរបស់ពួកគេ ខណៈការអំពាវនាវនេះធ្វើឡើង កំលុងការចាប់ផ្តើមនៃកិច្ចពិភាក្សារយៈពេល២ថ្ងៃ រវាងក្រុមរដ្ឋមន្រ្តីការបរទេសនៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ឥណ្ឌូណេស៉ីគឺជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៣នេះ ហើយនឹងត្រូវធ្វើជាម្ចាស់រៀបចំ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងមេដឹកនាំអាស៊ាន ដែលជាទូទៅក៏មានការចូលរួមពីចិននិងសហរដ្ឋអាមេរិកផងដែរ។ បញ្ហាវិវាទជុំវិញតំបន់សមុទ្រចិនខាងត្បូង បានបង្ខំឱ្យសមាជិកអាស៊ានមួយចំនួន ត្រូវប្រឈមមុខនឹងទីក្រុងប៉េកាំង ហើយបានពង្រឹងគោលជំហរបស់សហរដ្ឋអាមេរិក ដែលប្រឆាំងនឹងការពង្រីកឥទ្ធិពលរបស់ចិននៅក្នុងតំបន់ ប៉ុន្តែទន្ទឹមគ្នាសមាជិកដទៃទៀតវិញ បានបង្ហាញការគាំទ្រចំពោះមហាយក្សអាស៉ី ជុំវិញបញ្ហានេះ។
រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៉ី លោកស្រី រេតណូ ម៉ាស៊ូឌី (Retno Marsudi) បានប្រាប់ថា ក្នុងកិច្ចពិភាក្សាមួយមុនកិច្ចប្រជុំនាថ្ងៃសុក្រនេះ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ បានថ្លែងប្រាប់ក្រុមរដ្ឋមន្រ្តីអាស៊ានថា អាស៊ានមិនគួរក្លាយជាកូនអុករបស់ភាគីខាងក្រៅណាមួយឡើយ ដែលជាការអំពាវនាវជាថ្មីម្តងទៀត ដូចដែលរូបលោកធ្លាប់បានធ្វើឡើង កំលុងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន នៅប្រទេសកម្ពុជា កាលពីឆ្នាំ២០២២។
គួរបញ្ជាក់ថា បញ្ហាមួយទៀតដែលជាបញ្ហាប្រឈមដ៏ធំ សម្រាប់កិច្ចពិភាក្សាអាស៊ាន គឺវិបត្តិនៅឯប្រទេសមីយ៉ាន់ម៉ា ដែលបានស្ថិតក្រោមរបបយោធា ចាប់តាំងពីតែពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ សព្វថ្ងៃ មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន ប៉ុន្តែត្រូវបានហាមឃាត់មិនឱ្យមានវត្តមានចូលរួម ក្នុងកិច្ចប្រជុំជាន់ខ្ពស់ឡើយ ដោយសារតែខ្វះវឌ្ឍនភាពជុំវិញផែនការផ្តួចផ្តើមឡើងដោយអាស៊ាន ដែលសំដៅស្វែងរកសន្តិភាពរវាងរដ្ឋាភិបាលយោធា ហើយនិងចលានាប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា៕