(ហុងកុង)៖ នៅថ្ងៃសុក្រនេះ ចិនបានប្រកាសថា ការធ្វើដំណើរឆ្លងព្រំប្រទល់រវាងចិនដីគោក ទីក្រុងហុងកុង និងទីក្រុងម៉ាកាវ គឺនឹងត្រូវបន្តឡើងវិញក្នុងទម្រង់ពេញលេញតែម្តង ចាប់តាំងថ្ងៃទី៦ ខែកុម្ភៈតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
ប្រការនេះមានន័យថា ប្រព័ន្ធកំណត់កូតាអ្នកដំណើរ និងកាតព្វកិច្ចធ្វើតេស្តរកជំងឺកូវីដ១៩ជាចាំបាច់ ដែលតម្រូវពីមុនមកនោះ គឺនឹងត្រូវលុបចោល។ កន្លងមកនេះ ទោះបីក្រោយពេលចិនបានបើកព្រំប្រទល់ប្រទេសឡើងវិញ សម្រាប់ពិភពលោកកាលពីថ្ងៃទី៨ ខែមករាក៏ដោយ ប្រព័ន្ធកូតានិងការតម្រូវឱ្យធ្វើតេស្តរកកូវីដ១៩ គឺត្រូវបានរក្សាឱ្យនៅដដែល សម្រាប់អ្នកដំណើររវាងចិនដីគោក និងទីក្រុងហុងកុង។
គួរបញ្ជាក់ អំលុងការរាតត្បាតនៃជំងឺកូវីដ១៩ ទីក្រុងហុងកុងបានអនុវត្តគោលការណ៍ស្រដៀងគ្នា នឹងគោលនយោបាយសូន្យកូវីដរបស់រដ្ឋាភិបាលចិន រហូតទាល់តែដល់ពាក់កណ្តាលឆ្នាំ២០២២ ជាពេលដែលទីក្រុងនេះ ចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតរបស់ខ្លួន។ ហុងកុងបានលុបគោលការណ៍កូវីដ១៩ ដែលនៅសេលសល់ភាគច្រើន កាលពីខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែការពាក់ម៉ាសនៅតែជារឿងចាំបាច់ លើកលែងតែកាលៈទេសៈមួយចំនួន ហើយសិស្ស-និស្សិតត្រូវតែធ្វើឆ្លងកាត់ ការធ្វើតេស្តកូវីដរហ័ស ជារៀងរាល់ថ្ងៃ៕