(វ៉ាស៉ីនតោន)៖ នាយកទីភ្នាក់ងារចារកម្មអាមេរិក CIA លោក វីលៀម បឺន (William Burns) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មហិច្ឆតារបស់ប្រធានាធិបតីចិន លោក ស៉ី ជិនពិង ចំពោះកោះតៃវ៉ាន់ គឺមិនគួរត្រូវមើលស្រាលនោះឡើយ។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក បឺន បានលើកឡើងថា យោងតាមព័ត៌មានស៉ើបការណ៍សម្ងាត់ សហរដ្ឋអាមេរិកជឿជាក់ថា លោក ស៉ី ជីនពីង ទំនងជាបញ្ជាដល់យោធារបស់លោក ត្រៀមលក្ខណៈឱ្យបានរួចរាល់ សម្រាប់ការលើកទ័ពវាយលុកចូលតៃវ៉ាន់ យ៉ាងយូរនៅត្រឹមឆ្នាំ២០២៧។ បើតាមនាយក CIA រូបនេះ វាមិនមែនមានន័យច្បាស់ថា លោក ស៉ី បានសម្រេចចិត្តបើកការឈ្លានពាននៅឆ្នាំ២០២៧ ឬក៏នៅឆ្នាំ​ណាមួយផ្សេងឡើយ ប៉ុន្តែវាគឺជាក្រើនរំឭកអំពីភាពប្រាកដប្រជា នៃការផ្តោតយកចិត្តទុកដាក់ ក៏ដូចជាមហិច្ឆតារបស់លោក។

លោក វីលៀម បឺន បានសង្កត់ធ្ងន់ដូច្នេះថា «ការស្ទាបស្ទង់វាយតម្លៃរបស់យើងនៅ CIA គឺថា ខ្ញុំនឹងមិនមើលស្រាលចំពោះមហិច្ឆតារបស់លោក ស៉ី ជិនពីង ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ឡើយ»។ បើតាមលោក បឺន នាពេលនេះ លោកប្រធានាធិបតីចិនប្រហែលកំពុង​​សិក្សាអំពីបទពិសោធន៍ ដែលកងទ័ពនិងប្រព័ន្ធសព្វាវុធរបស់រុស្ស៉ី បានជួបប្រទះក្នុងសង្រ្គាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានបង្កឱ្យមានក្តីបារម្ភកាន់តែខ្លាំង ក្នុងចំណោមប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ជុំវិញលទ្ធភាពដែលថា ចិនអាចនឹងធ្វើសកម្មភាពស្រដៀងគ្នាចំពោះកោះតៃវ៉ាន់ ដែលត្រូវទីក្រុងប៉េកាំង ចាត់ទុកជាផ្នែកនៃទឹកដីរបស់ប្រទេសចិន៕