(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) និងរដ្ឋមន្រ្តីការបរទេសជប៉ុន លោក យូស៉ីម៉ាសា ហាយ៉ាស៉ិ (Yoshimasa Hayashi) បានពិភាក្សាអំពីប្រជុំកោះមានជម្លោះ នៅឯសមុទ្រចិនខាងកើត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយឯកភាពគ្នាធ្វើការឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងវិជ្ជមាន ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមក្រសួងការបរទេសចិន ក្នុងជំនួបសន្ទនាលើកដំបូងចាប់តាំងពីឡើងកាន់តំណែង លោក ឈិន បានប្រាប់លោក ហាយ៉ាស៉ិ ថាទីក្រុងប៉េកាំងសង្ឃឹមថាប្រទេសជប៉ុនអាចបញ្ឈប់ កងកម្លាំងស្តាំនិយមពីការបង្កជម្លោះ លើកោះដែលមានជម្លោះ។ ដោយឡែក លោក ហាយ៉ាស៉ិ បានគូសបញ្ជាក់ថា «ទំនាក់ទំនងទ្វេភាគីកំពុងប្រឈមមុខនឹងបញ្ហា រួមទាំងកង្វល់ជាច្រើន។ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសមុទ្រចិនខាងកើត រួមទាំងសកម្មភាពរបស់ចិនជុំវិញប្រជុំកោះ ក៏ដូចជាសកម្មភាពយោធាចិនដែលកំពុងកើនឡើងនៅក្បែរប្រទេសជប៉ុន។

ប៉ុន្តែ រដ្ឋមន្រ្តីការបរទេសទាំងពីរបានយល់ព្រមលើកិច្ចសហប្រតិបត្តិការ ដើម្បីកសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាព ហើយនឹងបន្តទំនាក់ទំនងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងនៅកម្រិតនៃកិច្ចប្រជុំកំពូលផងដែរ។

គួរបញ្ជាក់ថា ប្រជុំកោះសមុទ្រចិនខាងកើតដែលមានជម្លោះ គឺជាចំណុចស្អិតជាប់ក្នុងទំនាក់ទំនងទ្វេភាគីតាំងពីយូយារណាស់មកហើយ ។ ប្រទេសចិនបានហៅទីនោះថាជាកោះ តៅយូ (Diaoyu) ចំណែកជប៉ុនហៅថាកោះ សេនកាគុ (Senkaku)៕