(អូស្លូ)៖ ប៉ូលិសរបស់ប្រទេសន័រវែស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទប់ស្កាត់ផែនការតវ៉ាប្រឆាំងនឹងសាសនាអ៊ីស្លាមដែលបានគ្រោងទុក រួមទាំងការដុតច្បាប់ចម្លងនៃគម្ពីរគូអានក្នុងសប្តាហ៍នេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីក្រសួងការបរទេសតួកគីបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីតវ៉ាជុំវិញបញ្ហានេះ។ នេះបើយោងតាមការដកស្រង់ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។

ប៉ូលិសន័រវែស បាននិយាយថា ក្រុមអ្នកតវ៉ាមួយក្រុមគ្រោងនឹងដុតច្បាប់ចម្លងនៃគម្ពីរគូអាន នៅខាងក្រៅស្ថានទូតតួកគី ប្រចាំទីក្រុងអូស្លូ (Oslo) នៅថ្ងៃសុក្រនេះ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងបាតុកម្ម ក្នុងប្រទេសស៊ុយអែត និងដាណឺម៉ាក កាលពីខែមករា។ ប៉ូលីសក្រុងអូស្លូ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការដុតគម្ពីរគូអាន នៅតែជាវិធីស្របច្បាប់ក្នុងការបញ្ចេញទស្សនៈនយោបាយ ក្នុងប្រទេសន័រវែស ប៉ុន្តែសកម្មភាពនេះមិនអាចអនុវត្តបានទេ នៅក្រោមហេតុផលសន្តិសុខជាតិ។

គួរបញ្ជាក់ថា ទីក្រុងអង់ការ៉ាបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះផែនការរបស់ក្រុមប្រឆាំងនឹងសាសនាអ៉ីស្លាម ដោយចាត់ទុកថាជា «ទង្វើបង្កហេតុ»។ ក្រសួងការបរទេសតួកគី បានស្នើសុំឲ្យលុបចោលបាតុកម្មគ្រោងទុកនេះ៕