(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់ នៅក្នុងការផ្ទុះដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់បំពង់បង្ហូរឧស្ម័ន Nord Stream នៅក្រោមសមុទ្របាល់ទិកកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។
ទោះជាយ៉ាងណា លោក Lavrov មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់គាត់ទេ។ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បានចោទប្រកាន់អង់គ្លេសថា បានបំផ្ទុះបំពង់បង្ហូរប្រេងខាងលើនេះដែរ ប៉ុន្តែទីក្រុងឡុងដ៍បានបដិសេធ។
ដោយឡែកនៅថ្ងៃព្រហស្បតិ៍នេះដែរ នៅក្នុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក Lavrov បានលើកឡើងផងដែរថា ប្រទេសលោកខាងលិចកំពុងនិយាយកុហក អំពីការបដិសេធរបស់រុស្ស៊ីក្នុងការចរចាជុំវិញជម្លោះអ៊ុយក្រែន និងកំពុងព្យាយាមបង្វែរប្រទេសម៉ុលដាវី ហ្សកហ្ស៊ី និងអតីតរដ្ឋសូវៀត នៃអាស៊ីកណ្តាលប្រឆាំងនឹងទីក្រុងមូស្គូ។
ទន្ទឹមនឹងនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានគូសបញ្ជាក់ទៀតថា កងកម្លាំងរុស្ស៊ីនឹងឆ្លើយតបទៅនឹងការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយរបស់លោកខាងលិចទៅកាន់ទីក្រុងកៀវ ដោយព្យាយាមរុញកងកម្លាំងអ៊ុយក្រែនឱ្យឆ្ងាយពីព្រំដែនរបស់ខ្លួន ដើម្បីបង្កើតតំបន់ការពារសុវត្ថិភាព។
គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានរុស្ស៊ីរាប់ម៉ឺននាក់ ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំមុន ក្នុងហេតុផលថា ជាភាពចាំបាច់ដើម្បីការពារសន្តិសុខរបស់រុស្ស៊ី។ អ៊ុយក្រែន និងលោកខាងលិចបានចោទប្រកាន់រុស្ស៊ីថាកំពុងធ្វើសង្រ្គាមខុសច្បាប់ក្នុងគោលបំណងពង្រីកទឹកដីរបស់ខ្លួន៕