(ប៉េកាំង)៖ ថ្ងៃទី ១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានចេញផ្សាយ អត្ថបទវាយតម្លៃជាវិជ្ជមានចំពោះសមិទ្ធផលនិងឥទ្ធិពល នៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានលើកឡើងក្នុងអត្ថបទនេះថា ក្នុងរយៈពេលជិតមួយឆ្នាំបន្ទាប់ពី ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ឥឡូវនេះកីឡដ្ឋានរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ទាំងអស់បានផ្តល់សេវាកម្មដល់សាធារណជន និងអត្តពលិកក្នុងតំបន់។ ឧស្សាហកម្មកីឡាព្រិលទឹកកករបស់ប្រទេសចិន កំពុងរីកចម្រើនយ៉ាងផុលផុស។

កីឡាអូឡាំពិករដូវរងាបានទាក់ទាញជនជាតិចិនប្រហែល ៣៤៦ លាននាក់ឱ្យចូលរួមលេងកីឡាព្រិលទឹកកក ដែលបានបង្កើតផលប្រយោជន៍ផ្នែកសង្គមនិងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ និងប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនចិន។ យោងតាមការព្យាករណ៍របស់វិទ្យាស្ថានសិក្សាទេសចរណ៍ចិនឱ្យដឹងថា ក្នុងអំឡុងពេលរដូវកាលព្រិលទឹកកក ចន្លោះពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៥ ឧស្សាហកម្មទេសចរណ៍រដូវរងារបស់ប្រទេសចិន ត្រូវបានរំពឹងថានឹងទទួលបានភ្ញៀវទេសចរចំនួនជាង ៥២០ លាននាក់ ហើយទំហំចំណូលត្រូវបានព្យាករណ៍ថានឹងលើសពី ៧២០ ពាន់លានយាន់ប្រាក់ចិន។

លើសពីនេះទៅទៀត ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានបន្សល់កេរដំណែលដ៏សំខាន់ផ្នែកសមភាពយេនឌ័រទៀតផង។ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង មានសមាមាត្រអត្តពលិកស្ត្រីច្រើនជាងគេនៅក្នុងចំណោមព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាមុនៗ ៕