(វីយែន)៖ នាថ្ងៃព្រហស្បតិ៍នេះ រដ្ឋាភិបាលអូទ្រីសបានប្រកាសថា ខ្លួនសម្រេចបណ្តេញមន្រ្តីការទូតរបស់រុស្ស៉ីសរុបចំនួន៤នាក់ ចេញពីប្រទេស ជាមួយការចោទប្រកាន់ថា ពួកគេបានធ្វើសកម្មភាពដែលសមស្របទៅនឹងឋានៈជាអ្នកការទូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងការបរទេសអូទ្រីស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងចំណោមនោះ មន្រ្តីការទូតរុស្ស៉ី២នាក់ ធ្វើការនៅស្ថានទូតរុស្ស៉ីប្រចាំរដ្ឋធានីវីយែន ខណៈមន្រ្តីរុស្ស៉ី២នាក់ទៀត ស្ថិតក្នុងបេសកកម្មអចិន្រ្តៃយ៍របស់រុស្ស៉ី ប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងវីយែន។
ក្រសួងការបរទេសអូទ្រីស បានបន្តថា បុគ្គលិកស្ថានទូតរុស្ស៉ីទាំង២នាក់ ត្រូវបានប្រកាសចាត់ទុកជា បុគ្គលលែងត្រូវបានស្វាគមន៍ នៅក្រោមមាត្រា៩ នៃសន្ធិសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។ ចំណែកមន្រ្តីការទូត២នាក់ទៀត គឺបានប្រព្រឹត្តសកម្មភាពដែលមិនសមស្របជាមួយ កិច្ចព្រមព្រៀងនៃទីស្នាក់ការរបស់ UN ហើយក៏ត្រូវចាកចេញពីប្រទេសអូទ្រីសដូចគ្នាដែរ។ មន្រ្តីរុស្ស៉ីទាំង៤នាក់ មានពេលដល់ត្រឹមថ្ងៃទី៨ ខែកុម្ភៈ ដើម្បីចាកចេញ។
គួរបញ្ជាក់ថា ក្រុមប្រទេសអឺរ៉ុបនិងរុស្ស៉ី បានបណ្តេញមន្រ្តីការទូតគ្នាទៅវិញទៅមកជាបន្តបន្ទាប់ ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ី បានផ្ទុះឡើងនៅអ៊ុយក្រែន កាលពីជិត១ឆ្នាំមុន។ សរុបមកវិញ គឺអ្នកការទូតរុស្ស៉ីប្រហែលជិត ៦០០នាក់ហើយ ដែលត្រូវបានបណ្តេញចេញពី ក្រុមប្រទេសលោកខាងលិច៕