(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ថា អ៉ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែលចំពោះ ការវាយប្រហារដោយយន្តហោះដ្រូន លើរោងចក្រយោធានៅជិតកណ្តាលទីក្រុង អ៉ីហ្វាហាន់ (Isfahan) ដោយបានប្តេជ្ញាសងសឹកតបតទៅវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌មាន ISNA បានឲ្យដឹងថា នៅក្នុងលិខិតមួយផ្ញើទៅកាន់ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាមៀ សាអ៉ីត អ៉ីវ៉ានី (Amir Saeid Iravani) ឯកអគ្គរដ្ឋទូតអ៉ីរ៉ង់ប្រចាំនៅ UN បាននិយាយថា «ការស៊ើបអង្កេតបឋមបានឱ្យតំរុយថាអ៊ីស្រាអែល គឺជាអ្នកទទួលខុសត្រូវ សម្រាប់ការវាយប្រហារកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន។ អ៉ីរ៉ង់រក្សាសិទ្ធិស្របច្បាប់ និងជាប់លាប់ ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន ហើយប្តេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែង ឬអំពើខុសឆ្គងណាមួយនៅគ្រប់ទីកន្លែង និងនៅពេលណាដែលចាំបាច់។ វាគឺជាសកម្មភាពស្ថិតក្រោម ការបញ្ជាដោយរបបអ៉ីស្រាអែល ប្រឆាំងនឹងច្បាប់អន្តរជាតិ»

គួរបញ្ជាក់ថា ការវាយប្រហារលើរោងចក្រយោធាអ៉ីរ៉ង់នាថ្មីៗនេះ កើតឡើងចំពេលមានភាពតានតឹងរវាងអ៉ីរ៉ង់ និងលោកខាងលិច ជុំវិញសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ និងការផ្គត់ផ្គង់អាវុធរបស់ខ្លួន រួមទាំងយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយ សម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ក៏ដូចជាបាតុកម្មក្នុងស្រុកប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសអ៉ីរ៉ង់ផ្ទាល់៕