(ហូនីយ៉ារ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ សហរដ្ឋអាមេរិកបានបើកដំណើរការស្ថានទូតរបស់ខ្លួនឡើងវិញ នៅក្នុងប្រទេសដែនកោះសូឡូម៉ុន ក្រោយអវត្តមានអស់រយៈពេល៣០ឆ្នាំ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់ទីក្រុងវ៉ាស៉ីនតោន ដើម្បីប្រជែងជាមួយការកើនឡើងឥទ្ធិពល​របស់ចិន នៅតំបន់ភាគខាងត្បូងប៉ាស៉ីហ្វិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការបើកទ្វារបេសកកម្មការទូតឡើងវិញនេះ គឺបង្ហាញពីការប្តេជ្ញាចិត្តជាថ្មីរបស់យើង ចំពោះប្រជាជននៃប្រទេសសូឡូម៉ុន ក៏ដូចជាភាពជាដៃគូរបស់យើង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក»។ នាយករដ្ឋមន្រ្តីសូឡូម៉ុន មិនបានចូលរួមក្នុងពិធីបើកស្ថានទូតអាមេរិកឡើយ ក៏ប៉ុន្តែ លោក ខូលីន បេក មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសសូឡូម៉ុន បាននិយាយថា ការបើកស្ថានទូតឡើងវិញរបស់អាមេរិក គឺត្រូវបាន​ស្វាគមន៍ដោយ រដ្ឋាភិបាលនិងប្រជាជនសូឡូម៉ុន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានបិទស្ថានទូតរបស់ខ្លួន នៅរដ្ឋធានីហូនីយ៉ារ៉ារបស់សូឡូម៉ុន កាលពីឆ្នាំ១៩៩៣ ក្រោយទីបញ្ចប់នៃសង្រ្គាម​ត្រជាក់ បាននាំទៅរកការកាត់បន្ថយបេសកកម្មការទូតរបស់ទីក្រុងវ៉ាស៉ីនតោន និងការផ្លាស់ប្តូរអាទិភាព។ អាមេរិកបានបង្ហាញពី បំណងចង់បើកស្ថានទូតឡើងវិញ កាលពីដើមឆ្នាំ២០២២ មុនពេលរដ្ឋាភិបាលសូឡូម៉ុន បានចុះកិច្ចព្រមព្រៀងសន្តិសុខមួយជាមួយចិន។ កិច្ចព្រមព្រៀងនោះ បានធ្វើឱ្យទីក្រុងវ៉ាស៉ីនតោន និងសម្ព័ន្ធមិត្តក្នុងតំបន់ ព្រួយបារម្ភថា សូឡូម៉ុនអាចនឹងផ្តល់ឱ្យចិននូវមូលដ្ឋាន​ឈរជើងថ្មីមួយ ក្នុងតំបន់ប៉ាស៉ីហ្វិក៕