(កង់បេរ៉ា)៖ នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសអូស្រ្តាលីបានប្រកាសឱ្យដឹងថា នៅលើក្រដាសប្រាក់របស់ខ្លួន គឺនឹងលែងមានរូបរបស់​មហាក្សត្រនៃចក្រភពអង់គ្លេសតទៀតហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

ធនាគារកណ្តាលរបស់អូស្រ្តាលី បានសម្រេចថា នឹងជំនួសរូបអតីតមហាក្សត្រិយ៍អង់គ្លេស អេលីហ្សាបេតទី២ នៅលើក្រដាសប្រាក់ ៥ដុល្លារអូស្រ្តាលី ជាមួយការរចនាថ្មីមួយ ដែលនឹងផ្តល់ការគោរពដល់វប្បធម៌របស់ជនជាតិអូស្រ្តាលីផ្ទាល់។ ការសម្រេចមិនជ្រើសរើសយក​រូបស្តេចឆាលទី៣ ដែលត្រូវជាបុត្រម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត និងជាព្រះមហាក្សត្រអង់គ្លេសបច្ចុប្បន្ន ដើម្បីដាក់ជំនួសបែបនេះ នឹងធ្វើឱ្យក្រដាសប្រាក់អូស្រ្តាលីទាំងអស់តែម្តង លែងមានរូបមហាក្សត្ររបស់ចក្រភពអង់គ្លេសតទៀតហើយ។

យោងតាមធនាគារកណ្តាលអូស្រ្តាលី ក្រដាសប្រាក់៥ដុល្លារថ្មី​ អាចនឹងត្រូវប្រើពេលច្រើនឆ្នាំ សម្រាប់ការរចនានិងបោះពុម្ព ហើយ​ក្រដាសប្រាក់៥ដុល្លារ ដែលមានរូបម្ចាស់ក្សត្រិយ៍ អេលីហ្សាបេត នឹងនៅតែអាចបន្តធ្វើចរាចរណ៍បានដដែល ទោះបីជានៅពេលដែលក្រដាសប្រាក់​ជាមួយការរចនាថ្មី ត្រូវបានចាប់ផ្តើមប្រើប្រាស់ក៏ដោយ។

គួរបញ្ជាក់ថា ម្ចាស់ក្សត្រិយ៍ អេលីហ្សាបេតទី២ បានយាងចូលទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្ម៩៦ព្រះវស្សា។ ការសម្រេចខាងលើរបស់ធនាគារកណ្តាលអូស្រ្តាលី ត្រូវបានគាំទ្រដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានី ដែលគាំទ្រឱ្យប្រទេសអូស្រ្តាលី ក្លាយជាសាធារណរដ្ឋ នាពេលអនាគត។ សព្វថ្ងៃអូស្រ្តាលី ស្ថិតក្នុងចំណោមប្រទេសជាង ១០ រួមមានទាំងកាណាដានិងនូវែលសេឡង់ ដែលនៅទទួលស្គាល់មហាក្សត្រអង់គ្លេស ជាប្រមុខរដ្ឋរបស់ខ្លួន៕