(វ៉ាស៉ីនតោន)៖ អតីតអភិបាលរដ្ឋសៅការ៉ូលីណា (South Carolina) លោកស្រី នីកគី ហាលី (Nikki Haley) នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងខែកុម្ភៈនេះ ដើម្បីប្រជែងតំណែងបេក្ខជនប្រធានាធិបតីក្នុងគណបក្សសាធារណរដ្ឋ ជាមួយលោក ដូ ណាល់ត្រាំ ដែលជាអតីតចៅហ្វាយនាយរបស់លោកស្រីតែម្តង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បត៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រី នីកគី ហាលី ជាកូនស្រីរបស់ជនអន្តោរប្រវេសន៍ឥណ្ឌា ២នាក់ ដែលបានបើកហាងលក់សំលៀកបំពាក់ដ៏ជោគជ័យមួយនៅតំបន់ជនបទនៃរដ្ឋហាលី (Haley) របស់សហរដ្ឋអាមេរិក ទទួលបានកេរ្តិ៍ឈ្មោះនៅក្នុងគណបក្សសាធារណរដ្ឋថាជាអ្នកអភិរក្សនិយមដ៏រឹងមាំម្នាក់ មានសមត្ថភាពដោះស្រាយបញ្ហាយេនឌ័រ និងពូជសាសន៍ តាមរបៀបដែលគួរឲ្យជឿជាក់ជាងបុគ្គលផ្សេងទៀត។ លោកស្រីក៏បានតាំងខ្លួនជាអ្នកការពារផលប្រយោជន៍អាមេរិកនៅបរទេស ដោយធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ ជំនាន់ដឹកនាំរបស់លោក ត្រាំ ចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០១៨ ផងដែរ។

លោកស្រី ហាលី បានផ្ញើរអ៉ីមែលមួយទៅកាន់អ្នកគាំទ្រ កាលពីថ្ងៃពុធសប្តាហ៍នេះដើម្បីអញ្ជើញពួកគេឲ្យចូលរួមក្នុងយុទ្ធនាការឃោសនា នៅថ្ងៃទី១៥ ខែកុម្ភៈ នៅឯទីក្រុងឆាលតុន (Charleston)។ រដ្ឋ South Carolina ត្រូវបានរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះនៃការជ្រើសរើសសមាសភាពសំខាន់មួយរូបរបស់គណបក្សសាធារណរដ្ឋ ឲ្យធ្វើជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំ២០២៤ របស់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ម្ចាស់ជំនួយសំខាន់ៗជាច្រើនរបស់គណបក្សសាធារណរដ្ឋ និងមន្ត្រីជាប់ឆ្នោតនៅរដ្ឋ South Carolina បាននឹងកំពុងស្វែងបេក្ខជនដើម្បីជំនួសលោក ត្រាំ ចំពេលមានការព្រួយបារម្ភអំពីសិទ្ធិបោះឆ្នោតរបស់លោក ដែលកំពុងស្ថិតក្រោមការស៉ើបអង្កេតរបស់រដ្ឋអាជ្ញាសហព័ន្ធ ជុំវិញករណីសម្រុកចូលវិមានកាពីតូលរបស់ក្រុមអ្នកគាំទ្ររូបលោក កាលពីឆ្នាំ២០២១៕