(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមានអ៉ីស្រាអែល ប្រឆាំងនឹងការផ្គត់ផ្គង់អាវុធទៅឱ្យអ៊ុយក្រែន បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថាលោកអាចនឹងពិចារណាលើការផ្ដល់ជំនួយយោធាសម្រាប់ទីក្រុងកៀវ និងមានចេតនាដើរតួនាទីជា អ្នកសម្រុះសម្រួល ក្នុងសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក CNN ក្នុងសប្ដាហ៍នេះ លោក ណេតាន់យ៉ាហ៊ូ ត្រូវបានសួរសំណួរថាតើ អ៉ីស្រាអែលអាចនឹងផ្តល់ជួយដល់អ៊ុយក្រែន ដូចជាប្រព័ន្ធការពារដែនអាកាស អាយរ៉ុន ដូម (Iron Dome) ដែរឬយ៉ាងណានោះ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ក៏បានឆ្លើយតបវិញដូច្នេះថា «ខ្ញុំកំពុងពិចារណាលើរឿងនេះ»។ នាឱកាសនោះ លោក ណេតាន់យ៉ាហ៊ូ ក៏បានបង្ហាញឆន្ទៈដើរតួនាទីជាអ្នកសម្រុះសម្រួលផងដែរ ប្រសិនបើត្រូវបានស្នើឱ្យធ្វើយ៉ាងដូច្នោះ ដោយភាគីជម្លោះនិងសហរដ្ឋអាមេរិក។
ឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក ណេតាន់យ៉ាហ៊ូ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បានគូសបញ្ជាក់ដូច្នេះថា «បណ្ដាប្រទេសដែលផ្ដល់អាវុធឱ្យអ៊ុយក្រែន គួរតែយល់ថាយើងនឹងចាត់ទុកអាវុធទាំងនេះ ជាគោលដៅស្របច្បាប់សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៉ី...»។ លោកស្រី ហ្សាខារ៉ូវ៉ា បន្ថែមថាការបន្តបញ្ជូនអាវុធបន្ថែមនឹងមានតែធ្វើឱ្យសង្រ្គាមកាន់តែរាលដាលធំឡើង ដែលមនុស្សគ្រប់គ្នាគួរតែដឹងពីរឿងមួយនេះ។
គួរបញ្ជាក់ថា អ៊ុយក្រែន ក៏ធ្លាប់បានទទូចស្នើសុំអាវុធជាពិសេសគឺប្រព័ន្ធការពារដែនអាកាសពីអ៉ីស្រាអែលជាច្រើនលើកដែរ តែមិនបានចម្លើយតបជាវិជ្ជមាននោះទេ មកទល់នឹងពេលនេះ។ អ៉ីស្រាអែលបានរក្សានូវទំនាក់ទំនងជាមួយរុស្ស៉ី ដែលជាអ្នកគ្រប់គ្រងដែនអាកាសនៅប្រទេសជិតខាងរបស់ខ្លួនគឺស៉ីរី និងធ្វើជាមើលមិនឃើញ ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល ទៅលើគោលដៅអ៉ីរ៉ង់ ដែលជាគូសត្រូវធំរបស់ខ្លួនក្នុងតំបន់៕