(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅថ្ងៃពុធនេះថា​ ប្រទេសចិនអំពាវនាវឱ្យបញ្ចប់ការនិទានរឿង «ការគំរាមកំហែងរបស់ចិន» និងការញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នាក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានធ្វើការអំពាវនាវបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍រួម ដែលចេញដោយប្រទេសជប៉ុន និងអង្គការណាតូ ខណៈភាគីទាំងពីរបានសម្តែងការព្រួយបារម្ភ អំពីការវិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការយោធាចិន-រុស្ស៊ី។

លោកស្រី Mao បានលើកឡើងថា ក្តីបារម្ភនេះគឺមិនសមហេតុផលទេ ដ្បិតថាចិនត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាប្រទេសដែលតែងតែបម្រើជាអ្នកការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់ព្រមទាំងពិភពលោកផងដែរ។

លោកស្រីបានបន្ថែមថា ចលនាយោធា និងសន្តិសុខរបស់ប្រទេសជប៉ុន និងសម្ព័ន្ធយោធាណាតូឯណោះទៅវិញទេដែលត្រូវព្រួយបារម្ភ។ ទន្ទឹមគ្នានេះលោកស្រីបានក្រើនរំលឹកថា ប្រទេសជប៉ុនគួរតែទាញមេរៀនពីប្រវត្តិសាស្ត្រ ដោយប្រកាន់ខ្ជាប់នូវមាគ៌ានៃការអភិវឌ្ឍន៍ដោយសន្តិភាព និងមិនធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមថា «អាស៊ីប៉ាស៊ីហ្វិកមិនមែនជាសមរភូមិ សម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយទេ ហើយមិនស្វាគមន៍ចិត្តគំនិតសង្រ្គាមត្រជាក់ និងការប្រឈមមុខដាក់គ្នាក្នុងប្លុកទេ»