(ប៉េកាំង)៖ បន្ទាប់ពីប្រទេសចិនបានកែសម្រួលគោលនយោបាយចូលចេញដែនថែមមួយកម្រិតទៀត នៅថ្ងៃទី២៧ ខែមករា ក្រុមភ្ញៀវទេសចរណ៍ចិនជាលើកដំបូងបានធ្វើដំណើរពីក្រុង គុនមីងខេត្តយូណាន ប្រទេសចិន មកដល់ខេត្តព្រះសីហនុ តាមជើងយន្តហោះ។ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា ដូចជាលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុជាដើមបានមកទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចិននៅព្រលានយន្តហោះ ។ ក្រៅពីនេះ ភាគីកម្ពុជាក៏បានរៀបចំការសម្តែងរបាំប្រពៃណីខ្មែរ គឺឆៃយ៉ាំ ដើម្បីបន្ថែមបរិយាកាសប្រកបដោយសប្បាយរីករាយ ស្វាគមន៍ដំណើរមកដល់របស់ភ្ញៀវទេសចរណ៍ចិន ។

ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ព្រះសីហនុនិងសៀមរាបរបស់ប្រទេសកម្ពុជាសុទ្ធតែ បានធ្វើការងារត្រៀមរៀបចំឱ្យបានល្អរួចហើយ ដើម្បីធានាថា អាចផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព និងភាពពេញចិត្តដល់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកដល់កម្ពុជា ។ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាស្វាគមន៍ភ្ញៀវទេសចរណ៍ចិន រំពឹងទុកភ្ញៀវទេសចរណ៍ចិនអាចជួយស្ដារនូវវិស័យទេសចរណ៍កម្ពុជាឡើងវិញ ។

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលទើបកន្លងផុតទៅថ្មីៗនេះ ជាបុណ្យចូលឆ្នាំថ្មីទីមួយបន្ទាប់ពីប្រទេសចិន បានឈានចូលដំណាក់កាលថ្មីនៃការបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ អ្នកទេសចរណ៍ចិនជាច្រើនបានធ្វើដំណើរទៅកាន់បរទេស ដើម្បីដើរលេងកម្សាន្តនាពេលវិស្សមកាល ទាក់ទិននឹងការនេះ រដ្ឋសមាជិកអាស៊ានបាននាំគ្នាសម្តែងអាកប្បកិរិយាស្វាគមន៍ ប្រទេសថៃ ហ្វីលីពីននិងឥណ្ឌូណេស៊ីជាដើម បានបង្ហាញការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅព្រមៗគ្នា ។ តាមប្រព័ន្ធសារព័ត៌មានរបស់ថៃបានផ្សាយដំណឹងឱ្យដឹងថា ប្រទេសថៃប៉ាន់ប្រមាណថា ក្នុងពេញមួយឆ្នាំនេះ នឹងទទួលភ្ញៀវទេសចរណ៍ចិនចំនួនលើសពី៥លាននាក់ បើសិនជាជើងយន្តហោះអាចរៀបចំឡើងវិញកាន់តែឆាប់ នោះប្រហែលនឹងឡើងដល់ចំនួន៧លាននាក់ ។

ក្រៅពីវិស័យទេសចរណ៍ រដ្ឋសមាជិកអាស៊ាននានាកាន់តែរំពឹងទុកធ្វើឱ្យទំនាក់ទំនង កិច្ចសហប្រតិបតិ្តការជាមួយចិនលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគនិងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធជាដើម មានភាពកាន់តែរស់រវើកនិងកាន់តែស៊ីជម្រៅ ។ នៅឆ្នាំ២០២២ ពិតមែនតែរងកត្តាអវិជ្ជមានជាច្រើន ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ ការប៉ះទង្គិចអាវុធរវាងរុស្ស៊ីនិងអ៊ុយក្រែន អតិផរណាខ្ពស់របស់អាមេរិកជាដើមក៏ដោយ ក៏ប៉ុន្តែ ទំហំពាណិជ្ជកម្មទំនិញរវាងមហាដីគោកចិននិងបរទេស នៅតែរក្សាបានល្បឿនកំណើនយ៉ាងឆាប់បង្គួរ ពោលគឺ១០,៥ភាគរយ ។

នៅឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងចិននិងរដ្ឋសមាជិករបស់RCEPចំនួន១៤ ប្រទេស ក្នុងនោះបូករួមទាំងរដ្ឋសមាជិកអាស៊ានផងដែរ គឺចំនួន១២,៩៥ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង៧,៥ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២១ ត្រូវជា៣០ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ។ ក្នុងនោះ ល្បឿនកំណើនពាណិជ្ជកម្មរវាងចិននិងកម្ពុជា ឥណ្ឌូណេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា និងឡាវសុទ្ធតែបានលើសពី២០ភាគរយ ។

បើប្រៀបធៀបនឹងអាមេរិកនិងសហភាពអឺរ៉ុប ទំនាក់ទំនងពាណិជ្ជកម្មទំនិញរវាងចិននិងអាស៊ាន កាន់តែមានតុល្យភាព ទន្ទឹមនឹងសេដ្ឋកិច្ចរវាងចិននិងអាស៊ានបានចុះសម្រុងគ្នាជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការទ្វេភាគីក៏មានភាពកាន់តែទូលំទូលាយ ។

នៅឆ្នាំ២០២២ ប្រទេសចិននិងអាស៊ានបានរួមគ្នាដាក់ចេញផែនការប្រតិបតិ្ត នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ាន (២០២២-២០២៥ ) និងសេចក្តីថ្លែងការណ៍រួមស្តីពីការអភិវឌ្ឍរួមជានិរន្តរភាព រវាងចិននិងអាស៊ានជាដើម ប្រការនេះបានបង្ហាញឱ្យឃើញថា ទំនាក់ទំនងផ្នែកនយោបាយទ្វេភាគីមានភាពកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពកាន់តែរស់រើក និងការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ មានភាពកាន់តែស៊ីជម្រៅ ។

ឆ្នាំ២០២៣ ជាខួបទី១០នៃការលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ចិននិងអាស៊ានជាគំរូរបស់ប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ ”លើវិស័យពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបតិ្តការ ។ នៅឆ្នាំ២០២២ គម្រោងសាងសង់ហេដ្ឋារចនាសម័្ពន្ធប្រកបដោយ និមិត្តសញ្ញាជាច្រើនបានចុះបញ្ជីក្នុងប្រវត្តិសាស្ត្ររួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ ” ដូចជា ផ្លូវដែកល្បឿនលឿនក្រុងហ្សាការតា-ក្រុងបាងឌុង បានដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ដែលបានក្លាយជាផ្លូវដែកល្បឿនលឿនទីមួយ ក្នុងតំបន់អាស៊ានដែលបានដាក់ឱ្យប្រើប្រាស់ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយរបស់កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវដែកចិន-ឡាវបានដាក់ឱ្យប្រើប្រាស់មួយឆ្នាំជាដើម ។ ការតភ្ជាប់គ្នានៃហេដ្ឋារចនាសម័្ពន្ធបានបំពេញបន្ថែម ភាពធន់យ៉ាងខ្លាំងក្លាដល់សេដ្ឋកិច្ចរបស់ប្រទេសរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”

នៅឆ្នាំថ្មី តំបន់អាស៊ានទាំងមូលសុទ្ធតែពោរពេញទៅដោយក្តីសង្ឃឹមចំពោះការពន្លឿនការស្តារឡើងវិញរបស់សេដ្ឋកិច្ចចិន ។ និយាយចំពោះប្រទេសជិតខាង ប្រទេសចិនដែលប្រកាន់ខ្ជាប់ការបើកទូលាយនិងការអភិវឌ្ឍ គឺមានន័យថានឹងមានកាលានុវត្តភាពកាន់តែច្រើន ។ ចិននិងអាស៊ានមានជោគវាសនារួម ទំនាក់ទំនងទ្វេភាគីបានក្លាយជាគំរូដ៏មានភាពរស់រវើក ក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិរួចទៅហើយ ។ នៅពេលអនាគត កិច្ចសហប្រតិបតិ្តការរវាងចិននិងអាស៊ាន នឹងបន្តបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពកាន់តែខ្លាំង ហើយនឹងបំពេញបន្ថែមកម្លាំងចលករថ្មីដល់ ការបង្កើតអនាគតដ៏ល្អបវរផងដែរ ៕

វិទ្យុមិត្តភាពកម្ពុជាចិន