(វ៉ាស៉ីនតោន)៖ អតីតនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) បានជួបពិភាក្សាការងារជាមួយលោក ខេវីន ម៉ាកខាធី (Kevin McCarthy) ប្រធានសភាតំណាងរាស្រ្តអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះ និងបានជំរុញឲ្យទីក្រុងវ៉ាស៉ីនតោន រក្សាការផ្តល់ជំនួយដល់អ៊ុយក្រែន ដើម្បីទប់ទល់នឹងរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមលោក ចូ វីលសុន (Joe Wilson) សមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិក លោក ចនសុន បានជួបលោក ម៉ាកខាធី នៅឯការិយាល័យរបស់លោក មុនពេលថ្លែងសុន្ទរកថាទៅកាន់សមាជិកបក្សសាធារណរដ្ឋ ក្នុងវេទិការជាលក្ខណៈឯកជនមួយ។ លោក ចនសុន ក៏គ្រោងនឹងជួបជាមួយក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ផងដែរ។

លោក ចនសុន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «កិច្ចការចម្បងរបស់ខ្ញុំនៅទីនេះ គឺដើម្បីទទួលស្គាល់និងគោរពចំពោះ ការរួមចំណែកដ៏ធំធេងរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់ប្រជាជនអ៊ុយក្រែន។ បេសកកម្មរបស់ខ្ញុំគឺដើម្បីបង្ហាញថា អ៊ុយក្រែននឹងឈ្នះ ហើយមិនគួរមានអ្វីត្រូវពន្យារក្នុងការគាំទ្រអ៊ុយក្រែនឲ្យឈ្នះនៅឆ្នាំនេះទេ។ យើងមិនគួរមានការភ័យខ្លាច នៅពេលនិយាយអំពីការផ្តល់អាវុធដល់អ៊ុយក្រែននោះឡើយ។ ដោយឡែក ការិយាល័យរបស់ ម៉ាកខាធី មិនឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។

គួរបញ្ជាក់ថា បន្ទាប់ពីគណបក្សសាធារណរដ្ឋបានចូលគ្រប់គ្រងសភាតំណាងរាស្រ្ត នៅដើមឆ្នាំ២០២៣នេះ សមាជិកដែលរឹងរូសមួយចំនួនក្នុងចំណោមគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យបញ្ចប់ការផ្តល់ជំនួយយោធា របស់សហរដ្ឋអាមេរិក និងជំនួយផ្សេងទៀតដល់អ៊ុយក្រែន ដែលមានទឹកប្រាក់រាប់សិបពាន់លានដុល្លារ៕