(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃពុធនេះថា កូរ៉េខាងត្បូងគ្រោងធ្វើតេស្តបាញ់ មីស៉ីលបាលិស្ទីគថ្មីមួយក្នុងសប្តាហ៍នេះ ដើម្បីជាការពង្រឹងសាច់ដុំប្រឆាំងនឹងការកើនឡើង នៃការគំរាមកំហែងអាវុធនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីភ្នាក់ងារអភិវឌ្ឍបរិក្ខារការពារជាតិរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងត្រៀមធ្វើការបាញ់សាកល្បងមីស៉ីលខាងលើ ដែលហៅថា ហ៉ីយូនមូ-៥ (Hyunmoo-5) នៅឯមូលដ្ឋានធ្វើតេស្ត អានហឹង (Anheung) របស់ខ្លួន ក្នុងស្រុកតែអាន (Taean) ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រ ពីភាគនិរតីនៃរដ្ឋធានីសេអ៊ូល នាថ្ងៃសុក្រសប្តាហ៍នេះ។ ទន្ទឹមគ្នាក៏មានការចេញសារឱ្យប្រុងប្រយ័ត្នផងដែរ ពាក់ព័ន្ធការធ្វើដំណើរទាំងផ្លូវទឹក និងផ្លូអាកាស សម្រាប់តំបន់ចាប់ពីកន្លែងធ្វើតេស្ត រហូតដល់ដែនទឹកចម្ងាយ៣០០គីឡូម៉ែត្រពីទីនោះ សម្រាប់ថ្ងៃសុក្រនិងថ្ងៃសៅរ៍សប្តាហ៍នេះ។

គួរបញ្ជាក់ថា មីស៉ីលបាលិស្ទីគខាងលើ ត្រូវគេដឹងថា មានសមត្ថភាពផ្ទុកក្បាលគ្រាប់បានទម្ងន់ចន្លោះ៨-៩គីឡូក្រាម ហើយមាន​ល្បឿនមុជចុះក្រោម ដល់កម្រិតម៉ាក-១០ (Mach 10) ដែលលឿនជាងល្បឿនសំឡេង១០ដង។ សម្រាប់រយៈចម្ងាយធ្វើដំណើរជាអតិបរមា​របស់វា គឺមិនត្រូវបានដឹងច្បាស់ទេ ប៉ុន្តែក្រុមអ្នកវិភាគបានសន្និដ្ឋានថា មីស៉ីលនេះប្រហែលអាចហោះបានចម្ងាយរហូតដល់ ៣,០០០គីឡូម៉ែត្រ៕