(ម៉ានីល)៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ហ្វីលីពីន នៅថ្ងៃអង្គារសប្តាហ៍នេះបានបង្ហើបឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) មកកាន់ប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថានឹងនាំមកនូវសេចក្តីប្រកាស អំពីការពង្រីកសកម្មភាពយោធារបស់សហរដ្ឋអាមេរិក នៅលើទឹកដីហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ពង្រីកមុខងារសន្តិសុខរបស់ខ្លួននៅហ្វីលីពីន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរារាំង សកម្មភាពរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ ខណៈទីក្រុងម៉ានីលវិញក៏ចង់ពង្រឹងការការពារការទាមទារទឹកដីមានជម្លោះ នៅឯសមុទ្រចិនខាងត្បូងផងដែរ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក ធ្លាប់បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនរំពឹងថា កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់មូលដ្ឋានយោធាបន្ថែម អំឡុងដំណើរទស្សនកិច្ចរបស់លោក អូស្ទីន ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារសប្តាហ៍នេះ ​ហើយថាទីក្រុងវ៉ាស៉ីនតោន បានស្នើប្រើប្រាស់មូលដ្ឋានយោធាប៉ុន្មានកន្លែងទៀត នៅក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដែលមានស្រាប់តាំងពីឆ្នាំ២០១៤មកនោះ។

ដោយសារតែភាពរស៉ើបព័ត៌មាន មន្ត្រីហ្វីលីពីនជាន់ខ្ពស់រូបនេះ បានគូសបញ្ជាក់ក្នុងលក្ខណ្ឌមិនបញ្ចេញឈ្មោះ យ៉ាងដូច្នេះថា «មានការជំរុញលើការសុំប្រើប្រាស់មូលដ្ឋាន៤ឬ៥កន្លែងទៀត នៅក្រោមសន្ធិសញ្ញា EDCA។ ច្បាស់ណាស់យើងនឹងមាន​ការប្រកាសក្នុងទម្រង់ណាមួយ។ គ្រាន់តែខ្ញុំនៅមិនទាន់ដឹងថា តើមានចំនួនប៉ុន្មានឱ្យប្រាកដ ដែលត្រូវសម្រេចជាផ្លូវការ»

គួរបញ្ជាក់ថា ទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន មានសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក ហើយបាននិងកំពុងពិភាក្សាអំពី ការប្រើប្រាស់មូលដ្ឋានទ័ពបន្ថែមចំនួន៤របស់សហរដ្ឋអាមេរិក នៅលើកោះលូសុន (Luzon) ភាគខាងជើងប្រទេស ដែលជាផ្នែកជិតបំផុតមួយហ្វីលីពីនជាមួយកោះតៃវ៉ាន់ ក៏ដូចជាមួយកន្លែងទៀតនៅកោះប៉ាឡាវ៉ាន់ (Palawan) ដែលនៅទល់មុខទីប្រជុំកោះ Spratly ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង។

សន្ធិសញ្ញា EDCA អនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធាហ្វីលីពីន ដើម្បីធ្វើការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងរៀបចំបរិក្ខាយោធាជាមុន និងការសាងសង់នានាដូចជាផ្លូវយន្តហោះ កន្លែងផ្ទុកប្រេងឥន្ធនៈ និងជំរំយោធា ប៉ុន្តែមិនអាចដាក់ពង្រាយវត្តមានជាអចិន្ត្រៃយ៍តែម្តងនោះទេ។ មកទល់សព្វថ្ងៃ យោធា​អាមេរិក​មាន​សិទ្ធិ​ប្រើប្រាស់មូលដ្ឋាន​ចំនួន​ ៥​៕