(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) នឹងមកបំពេញទស្សនកិច្ចក្នុងប្រទេសជប៉ុន នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida)។ នេះបើយោងតាមការសារព័ត៌មានជប៉ុន Kyodo នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

កាលពីដើមខែមករាកន្លងទៅ លោក ម៉ាកូស បានសម្តែងនូវបំណងចង់ទៅធ្វើទស្សនកិច្ចនៅទីក្រុងតូក្យូ ដោយនិយាយថា ហ្វីលីពីនត្រូវបានគេមើលឃើញថាជាផ្នែកមួយដ៏សំខាន់ ក្នុងការរក្សាសន្តិសុខក្នុងតំបន់ ក្នុងភាពជាដៃគូជាមួយមិត្តជាមួយជប៉ុន និងប្រទេសដទៃទៀត នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្ស៊ូ ម៉ាស៊ូណូ (Hirokazu Matsuno) បានប្រាប់សន្និសីទសារព័ត៌មានថា អំឡុងទស្សនកិច្ចរយៈពេល ៥ថ្ងៃ លោក ម៉ាកូស និងជំទាវទី១ ត្រូវបានគេរំពឹងថានឹងជួបជាមួយព្រះចៅអធិរាជជប៉ុន ណារូហ៉ីតូ (Naruhito) និងព្រះអគ្គមហេសី ម៉ាសាកូ (Masako)។ ជប៉ុនសង្ឃឹមថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីហ្វីលីពីន នឹងជួយធ្វើឲ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះត្រូវបានប្រកាស ចំពេលដែលទីក្រុងតូក្យូ និងទីក្រុងម៉ានីលកំពុងរៀបចំការធ្វើបត្យាប័នជនសង្ស័យជនជាតិជប៉ុន៤នាក់ ដែលគេជឿថាជាអ្នកនៅពីក្រោយ ករណីប្លន់ជាច្រើនទូទាំងប្រទេសជប៉ុន។ បើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហ្វីលីពីន ទីក្រុងម៉ានីលមានបំណងដោះស្រាយសំណុំរឿងព្រហ្មទណ្ឌកម្រិតខ្ពស់នេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងទាន់ពេលវេលានៃដំណើរទស្សនកិច្ចរបស់លោក ម៉ាកូស ទៅកាន់ប្រទេសជប៉ុន៕