(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថា លោកនឹងពិភាក្សាជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ពាក់ព័ន្ធនឹង ការស្នើសុំអាវុធទំនើបៗបន្ថែម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង ដែលទីក្រុងកៀវកំពុងទទូចស្នើសុំ ដើម្បីប្រយុទ្ធជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកខ្លួនឯងបានបញ្ជាក់ថាសហរដ្ឋអាមេរិកនឹងមិនបញ្ជូនយន្ដហោះចម្បាំង F-16​ ឱ្យអ៊ុយក្រែននោះទេ ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថាតើទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនយន្ដហោះចម្បាំងជំនាន់ទី៤នេះសម្រាប់អ៊ុយក្រែន ដែរឬក៏យ៉ាងណា។ ជាថ្មីម្ដងទៀត នៅចំពោះមុខ អ្នកសារព័ត៌មាន លោក បៃដិន បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ពិតណាស់ យើងនឹងជជែកគ្នា»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មកទល់នឹងពេលនេះគឺជាអ្នកផ្ដល់ជំនួយធំជាងគេបំផុត សម្រាប់អ៊ុយក្រែនជាទីដែលសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នឹងឈានចូលគម្រប់ខួបមួយឆ្នាំ នៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះ។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងបែរឡាំង រួមទាំងសម្ព័ន្ធមិត្តកាលពីពេលថ្មីៗនេះ បានសម្រេចចិត្តយល់ព្រមបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់របស់ខ្លួនដល់ទីក្រុងកៀវ ប៉ុន្តែ ក្រុមមន្ត្រីអ៊ុយក្រែនបន្តស្នើសុំជាចាំបាច់នូវមីស៊ីលរយៈចម្ងាយឆ្ងាយ យន្ដហោះចម្បាំង និងនាវាចម្បាំងបន្ថែមទៀត ​នៅចំពោះមុខការព្រមានថារុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកសាជាថ្មី ឆាប់ៗនេះ៕