(កៀវ)៖ កងកម្លាំងរុស្ស៊ី កំពុងបង្កើនការវាយលុករុលទៅមុខដោយសន្សឹមៗ ដើម្បីដណ្តើមយកទឹកដីនៅក្នុងតំបន់ដូណេត (Donetsk) ដែលស្ថិតភាគខាងកើតអ៊ុយក្រែន ដោយផ្តោតលើទីក្រុងបាកមូត (Bakhmut) ជារដ្ឋធានីភាគខាងជើងនៃតំបន់នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

រដ្ឋាភិបាលលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន កំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសជិតខាង និងសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនឱ្យផ្គត់ផ្គង់យន្តហោះចម្បាំងឱ្យបានកាន់តែឆាប់ ដែលខ្លួនអាចប្រើដើម្បីឆ្លើយតបការវាយលុកថ្មីៗរបស់រុស្ស៊ី។ ដោយឡែក នៅឯទីក្រុងប៉ារីស បន្ទាប់ពីជួបរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេកស៉ី រ៉េសនីកូវ (Oleksii Reznikov) រដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស់ស្ទៀន ឡឺក័រនុយ (Sebastien Lecornu) បានគូសបញ្ជាក់ថា «មិនមានការហាមឃាត់ណាមួយទេ» អំពីករណីផ្គត់ផ្គង់យន្តហោះចម្បាំង។

ប៉ុន្តែ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានបដិសេធផ្ដល់យន្ដហោះចម្បាំងឱ្យអ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ម្តងហើយម្តងទៀត នូវឆន្ទៈរបស់ពួកគេក្នុង ការបន្តការគាំទ្រ ផ្នែកយោធាដល់អ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមមេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ទីក្រុងបាកមូត ស្ថិតនៅក្រោមការបាញ់ប្រហារជាថ្មីពីសំណាក់កងទ័ពរុស្ស៉ី ដូចជា នៅខ្សែការពារជួរមុខក្នុងភូមិ ខ្លីសឈីវកា (Klishchiivka) និងភូមិឃូតយូមីវការ (Kurdyumivka) ដែលជាទីតាំងភាគខាងត្បូងឆ្ពោះទៅកាន់ទីក្រុងបាកមូត៕