(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថារុស្ស៉ីមិនបានអនុវត្តតាមសន្ធិសញ្ញានុយក្លេអ៊ែរ New START ដែលជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនៅសល់ចុងក្រោយគេរវាង មហាអំណាចទាំង២នោះទេ ខណៈកំពុងពាក់មុខយក្សដាក់គ្នាជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

ឆ្លើយតបទៅនឹងសំណើមួយពីសភាជាតិទាំង២ ក្រសួងការបរទេសអាមេរិកបានបន្ទោសរុស្ស៉ី សម្រាប់ការព្យួរការធ្វើអធិការកិច្ច និងលុបចោលកិច្ចសន្ទនា ប៉ុន្តែមិនបានចោទប្រកាន់អតីតគូសត្រូវសង្រ្គាម ត្រជាក់របស់ខ្លួនមួយនេះថាកំពុងបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ លើសពីចំនួនដែលកំណត់ដោយសន្ធិសញ្ញា New START នោះឡើយ។ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «រុស្ស៉ីមិនបានអនុវត្តកាតព្វកិច្ចនៅក្រោមសន្ធិសញ្ញា New START ដើម្បីសម្រួលដល់ការធ្វើអធិការកិច្ចសកម្មភាពនានានៅលើទឹកដីរបស់ខ្លួនឡើយ...។ អ្នកនាំពាក្យរូបនេះ ក៏បានចោទប្រកាន់ដែរថាការបដិសេធរបស់រុស្ស៉ី បាន និងកំពុងគំរាមកំហែងដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងអាវុធនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងរុស្ស៉ី។

គួរបញ្ជាក់ថា ទីក្រុងមូស្គូ កាលពីខែសីហា ឆ្នាំ២០២២ បានប្រកាសព្យួរការធ្វើអធិការកិច្ចរបស់សហរដ្ឋអាមេរិក នៅឯមូលដ្ឋានយោធារបស់ខ្លួនដែលកំណត់ដោយសន្ធិសញ្ញា New START ដោយអះអាងថាជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិកដែលបានបង្កឧបសគ្គដល់ការធ្វើអធិការកិច្ចដោយក្រុមមន្ត្រីរុស្ស៉ី នៅឯមូលដ្ឋានយោធាអាមេរិក។ តែការចោទប្រកាន់នេះត្រូវបាន សហរដ្ឋអាមេរិក ច្រានចោល។ សន្ធិសញ្ញា New START នឹងត្រូវអស់សុពលភាពនៅឆ្នាំ២០២៦ ហើយមានការសន្និដ្ឋានជាច្រើនថាវាទំនងជានឹងមិនត្រូវបានបន្តសុពលភាពទៀតនោះទេ៕