(វ៉ាស៊ីនតោន)៖ រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃចន្ទបាននិយាយថា ខ្លួននឹងបញ្ចប់ការប្រកាសអាសន្នអំពីជំងឺកូវីដ១៩ នៅថ្ងៃទី១១ ខែឧសភា ជិតបីឆ្នាំបន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ចេញវិធានការណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា​ ឆ្នាំ២០២៣។

ការប្រកាសអាសន្នជាតិ និងសុខភាពសាធារណៈចំពោះជំងឺកូវីដ១៩ (PHE) ត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២០ ដោយអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ។ លោកប្រធានាធិបតី បៃដិន បានពង្រីកវិធានការនេះម្តងហើយម្តងទៀត ដែលអនុញ្ញាតឱ្យជនជាតិអាមេរិករាប់លាននាក់ទទួលបានការធ្វើតេស្ត ចាក់វ៉ាក់សាំង និងការព្យាបាលដោយឥតគិតថ្លៃ។

ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាសដែលត្រូវបានកំណត់ថា នឹងផុតកំណត់នៅក្នុងប៉ុន្មានខែខាងមុខនេះ នឹងត្រូវបានបន្តម្តងទៀតរហូតដល់ថ្ងៃទី១១ ខែឧសភា ហើយបន្ទាប់មកត្រូវបានបញ្ចប់។

ការបញ្ចប់ការប្រកាសអាសន្ននេះមានន័យថា ការចំណាយលើការវ៉ាក់សាំង ការធ្វើតេស្ត និងការព្យាបាលមួយចំនួនដែលរដ្ឋជាអ្នករ៉ាប់រ៉ង នឹងត្រូវផុតកំណត់ ដោយវានឹងត្រូវផ្ទេរទៅការធានារ៉ាប់រងឯកជន និងផែនការសុខភាពរបស់រដ្ឋាភិបាលជំនួយវិញ។

គួរបញ្ជាក់ថា ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញថា ករណីកូវីដ១៩​ កំពុងធ្លាក់ចុះនៅក្នុងសហរដ្ឋអាមេរិក ទោះបីជាមនុស្សជាង ៥០០នាក់នៅតែបន្តស្លាប់ជារៀងរាល់ថ្ងៃដោយសារជំងឺនេះក៏ដោយ៕