(សេអ៊ូល)៖ អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពេលថ្មីៗនេះ បានចេញមុខថ្កោលទោសលើសហរដ្ឋអាមេរិក ជុំវិញការសម្រេចចិត្តសន្យាបញ្ជូនរថក្រោះ M1 Abrams ចំនួន ៣១គ្រឿងឱ្យអ៊ុយក្រែន ដោយចាត់ទុកថានេះជា «ទង្វើឆ្លងបន្ទាត់ក្រហម»។ ការកត់សម្គាល់បែបនេះរបស់អ្នកនាង គីម ត្រូវបាន ផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA​ កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅនេះ ហើយអ្នកនាងផ្ទាល់ថែមទាំងបានហៅថាសហរដ្ឋអាមេរិក ថាជាឧក្រិដ្ឋជនទៀតផងដែលតែងតែ បង្កការគំរាមកំហែង និងបញ្ហាប្រឈមធ្ងន់ធ្ងរដល់ពិភពលោក ព្រមទាំងមានចេតនាប្រើប្រាស់សង្រ្គាមនៅអ៊ុយក្រែនដើម្បីបំផ្លាញរុស្ស៉ី។

នៅក្នុងដំណាក់កាលដំបូងនៃសង្រ្គាម សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរមានការស្ទាក់ស្ទើរក្នុងការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ដោយសារតែខ្លាចជម្លោះរាលដាលកាន់តែធំផ្ទុះទៅជាសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ី។ តែបន្តិចម្ដងៗ នៅក្រោយពេលដែលអ៊ុយក្រែនបានបង្ហាញថាខ្លួនមានសមត្ថភាពប្រយុទ្ធតតាំងជាមួយទាហានរុស្ស៉ី អាមេរិក និងលោកខាងលិចបានបង្កើន ការបញ្ជូនអាវុធ និងជំនួយយោធាជាបន្តបន្ទាប់ដល់ទីក្រុងកៀវ ហើយសូម្បីតែរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន ក៏ធ្លាប់បានលើកឡើងត្រង់ៗដែរពីវត្ថុបំណងដែលអាមេរិក ជួយអ៊ុយក្រែន នោះគឺធ្វើយ៉ាងណាឱ្យរុស្ស៉ី ចុះទន់ខ្សោយដល់កម្រិតមួយលែងអាចឈ្លានពានប្រទេសដទៃតទៅទៀត។

សង្រ្គាមនៅអ៊ុយក្រែន គឺជាជម្លោះនៅលើទឹកដីអឺរ៉ុបឯណោះទេ រីឯប្រទេសជាច្រើនដែលមិនមែនលោកខាងលិចក៏បានសម្រេចចិត្តប្រកាន់យកជំហរអព្យាក្រឹតដែរ ចុះហេតុអ្វីបានជាកូរ៉េខាងជើង ចេញមុខគាំទ្រ និងជ្រើសរើសឈរនៅខាងរុស្ស៉ីយ៉ាងពេញទីទៅវិញ? រុស្ស៉ីគឺជាមហាអំណាចយោធាលេខទី២នៅលើពិភពលោក ហើយក៏ជាប្រទេសមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាង ប្រទេសណាៗទាំងអស់ដែរ។ នៅលក្ខខណ្ឌនេះ លោក ពូទីន សម្រេចចិត្តឈ្លានពានអ៊ុយក្រែន ប្រហែលដោយសារតែលោកគិតថាការឈ្លានពានរបស់លោក ក្រោមស្លាក «ប្រតិបត្តិការយោធាពិសេស» អាចនឹងសម្រេចគោលដៅដែលលោកចង់បាន ក្នុងពេលដ៏ខ្លី។ ក៏ប៉ុន្តែ អស់រយៈពេលជិតមួយឆ្នាំទៅហើយ លោក ពូទីន មិនទាន់អាចសម្រេចបំណងបាន នៅឡើយទេ ផ្ទុយទៅវិញសង្រ្គាមរបស់លោកកាន់តែធ្វើឱ្យអ៊ុយក្រែនមានគំនិតស្នេហាជាតិ រីឯសហភាពអឺរ៉ុប និង NATO បែរជាកាន់តែរឹងមាំឡើងទៅវិញ ដែលធ្វើឱ្យលោកត្រូវបោះដៃស្វែងរកជំនួយពីសម្ព័ន្ធមិត្ត មួយចំនួនតូចដូចជាអ៉ីរ៉ង់ និងកូរ៉េខាងជើងជាដើមដែលទីក្រុងវ៉ាស៊ីនតោនចោទថាបានផ្គត់ផ្គង់អាវុធសម្រាប់រុស្ស៉ី។​

អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន លោក John Kirby បានបញ្ជាក់ឡើងវិញកាលពីថ្ងៃទី២០ ខែមករាកន្លងទៅថា កូរ៉េខាងជើងបានដឹកបញ្ជូនប្រព័ន្ធរ៉ុក្កែតពាក់លើស្មា និងមីស៊ីល កាលពីចុងឆ្នាំ២០២២ ទៅឱ្យរុស្ស៉ីដើម្បីផ្គត់ផ្គង់បន្តឱ្យទាហានស៊ីឈ្នួលរុស្ស៉ី Wagner។ មិនតែប៉ុណ្ណោះ សេតវិមានក៏បានបញ្ចេញរូបថតនៃរថភ្លើងរបស់រុស្ស៉ី បើកចេញពីកូរ៉េខាងជើងជាមួយ ទូរកុងតឺន័រជាច្រើន ត្រឡប់ចូលក្នុងទឹកដីរុស្ស៉ីវិញផងដែរ។ បើតាមលោក Kirby រុស្ស៉ីនឹងបន្តទទួលបានប្រព័ន្ធអាវុធបន្ថែមទៀតពីកូរ៉េខាងជើង។

តែទោះជាបែបនេះក្ដី លោក Kwon Jong Gun ជាអគ្គនាយកនៃនាយកដ្ឋានទទួលបន្ទុកកិច្ចការស្ដីពីសហរដ្ឋអាមេរិក នៃក្រសួងការបរទេសកូរ៉េខាងជើង បានបដិសេធថាទីក្រុងព្យុងយ៉ាង មិនបានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីនោះទេ ហើយចាត់ទុកថាវាគ្រាន់តែជាពាក្យចចាមអារ៉ាមបង្ខូចកិត្តិយសកូរ៉េខាងជើង។ ប៉ុន្តែ មន្ត្រីកូរ៉េខាងជើងរូបនេះបានឆ្លៀតបង្ហាញការគាំទ្រដល់រុស្ស៉ី ដោយសង្កត់ធ្ងន់ថាការធ្វើសង្រ្គាមរបស់លោក ពូទីន នៅអ៊ុយក្រែនគឺជារឿងត្រឹមត្រូវ និងសមហេតុផល ដ្បិតវាជាសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនរបស់រដ្ឋអធិបតេយ្យមួយ។

នៅត្រង់ «ពាក្យការពារខ្លួន» ជារឿយៗត្រូវបានកូរ៉េខាងជើង យកមកធ្វើជាសំអាងបញ្ជាក់ពីហេតុផលនៅពីក្រោយការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ពិតណាស់ ជាគោលការណ៍ កូរ៉េខាងជើងគាំទ្ររុស្ស៉ី ដោយសារហេតុផលដ៏សាមញ្ញមួយ នោះគឺមិនត្រូវគ្នាជាមួយសហរដ្ឋអាមេរិក។ តែនៅពីក្រោយហេតុផលដ៏សាមញ្ញទាំងនេះ វាមានហេតុផលដ៏សំខាន់២យ៉ាងដែលជំរុញឱ្យ កូរ៉េខាងជើងសម្រេចចិត្តគាំទ្រ និងឈរនៅខាងរុស្ស៉ីនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ម្យ៉ាងគឺបង្កបញ្ហា ឬមន្ទិលសង្ស័យចំពោះតួនាទីរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ និងម្យ៉ាងទៀត គឺចង់ឱ្យ រុស្ស៉ីឈ្នះនៅក្នុងសង្រ្គាមតែម្ដង ព្រោះថាបើរុស្ស៉ីឈ្នះ ប្រព័ន្ធសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនឹងរង្គោះរង្គើរ រីឯសម្ព័ន្ធក៏នឹងបាត់បង់ជឿចិត្តលើអាមេរិកដែរ។

នៅក្នុងន័យនេះសម្រាប់កូរ៉េខាងជើង ការឈរនៅខាងរុស្ស៉ី ជាមធ្យោបាយមួយដែលអាចឱ្យខ្លួនប្រើវោហាសាស្ត្ររិះគន់ថាសហរដ្ឋអាមេរិកជា «ចក្រពត្តិនិយមបង្កអស្ថិរភាពនៅទូទាំងពិភពលោក» ហើយការធ្វើបែបនេះគឺស្ថិតនៅក្នុងប្រយោជន៍របស់ទីក្រុងព្យុងយ៉ាង។ ពោលគឺ កូរ៉េខាងជើងចង់ប្រើវោហាសាស្ត្រនេះបញ្ចុះបញ្ចូល​ឱ្យសហគមន៍អន្តរជាតិ ជាពិសេគឺបណ្ដាប្រទេសមិនត្រូវគ្នានឹង សហរដ្ឋអាមេរិក មើលឃើញថាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនសព្វថ្ងៃ តាមការពិតទៅ គឺធ្វើឡើងដោយបង្ខំចិត្ត ដ្បិតវាជាមធ្យោបាយតែមួយគត់ដើម្បីការពារខ្លួនឯងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។ ដោយហៅអាវុធនុយក្លេអ៊ែរ​ ជាមធ្យោបាយការពារខ្លួន កូរ៉េខាងជើងចង់ឱ្យគេឯងមើលឃើញថាសហរដ្ឋអាមេរិកជាតួអង្គចិត្តអាក្រក់បង្កចលាចលនៅជុំវិញពិភពលោក រួមទាំងនៅលើឧបទ្វីបកូរ៉េ។ ក្នុងបរិបទនេះឯង ជ័យជម្នះរបស់រុស្ស៉ី នៅក្នុងសង្រ្គាមអ៊ុយក្រែនអាចជួយឱ្យកូរ៉េខាងជើងកាន់តែមធ្យោបាយច្រើន ក្នុងការដាក់សម្ពាធឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចទាំងឡាយ ហើយមួយ ផ្នែកទៀតវាក៏អាចនឹងធ្វើឱ្យសហរដ្ឋអាមេរិក និងលោកខាងលិចថមថយចុះឥទ្ធិពលផងដែរ។ «មិនថាពួកចក្រពត្តិនិយមប្រឹងប្រែងប៉ុនណានោះទេ ក៏ពួកគេមិនអាចយកឈ្នះលើវីរភាពរបស់កងទ័ព និងប្រជាជនរុស្ស៉ីបាននោះដែរ»។ នេះជាការលើកឡើងរបស់អ្នកនាងគីម យ៉ូជុង។

ផ្ទុយទៅវិញ បើរុស្ស៉ីចាញ់ នោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនឹងកាន់តែមានឥទ្ធិពលធំឡើងនៅជុំវិញពិភពលោក ដោយក្នុងនោះបក្សសម្ព័ន្ធយោធា NATO នឹងកាន់តែរឹងមាំ និងរួបរួមគ្នា ក្នុងការចាត់វិធានការឆ្លើយតបនានា ដើម្បីការពាររដ្ឋជាសមាជិក និងសម្ព័ន្ធមិត្តពីការវាយប្រហារពីសត្រូវខាងក្រៅណាមួយ។ ចំណែកឯ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធភាពរវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ក៏កាន់តែរឹងមាំឡើងផងដែរ ហើយទីក្រុងព្យុងយ៉ាងអាចនឹងបកស្រាយថាបរាជ័យរបស់លោក ពូទីន គឺជាការចាប់ផ្ដើមដួលរលំនៃរបបដឹកនាំដោយបុរសខ្លាំង។ ដូច្នេះសម្រាប់ កូរ៉េខាងជើង គាំទ្ររុស្ស៉ីមិនត្រឹមតែអាចឱ្យទីក្រុងមូស្គូ ជួយលើកទម្ងន់របស់ទីក្រុងព្យុងយ៉ាងនៅក្នុងតំបន់ប៉ុណ្ណោះទេ តែក៏ជាការធានាមួយដល់របបដឹកនាំរបស់លោក គីម ដែរ ដោយបើមានទាំងរុស្ស៉ី និងចិនជាខ្នងបង្អែក នោះទើបលោក គីម ជុងអ៊ុនអាចដេកលក់ស្រួល ព្រោះថាជំនួយរបស់កូរ៉េខាងជើង មិនមែនជាជំនួយឥតសំណងនោះទេ។ លើសពីនេះទៅទៀត លោករដ្ឋមន្ត្រីការពារជាតិអាមេរិក អូស្ទីន ធ្លាប់បានលើកឡើងត្រង់ៗដែរពីវត្ថុបំណងដែលអាមេរិកជួយអ៊ុយក្រែន នោះគឺធ្វើយ៉ាងណាឱ្យរុស្ស៉ី ចុះទន់ខ្សោយដល់កម្រិតមួយលែងអាចឈ្លានពានប្រទេសដទៃតទៅទៀត។ នៅត្រង់នេះ កូរ៉េខាងជើងវិញក៏មិនខុសគ្នាដែរ គឺចង់ឃើញសង្រ្គាមរបស់រុស្ស៉ីបន្សាបឥទ្ធិពលអាមេរិក និងលោកខាងលិច៕