(អ៊ីស្លាម៉ាបាដ)៖ ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះអត្តឃាត កាលពីថ្ងៃចន្ទនៅក្នុងវិហារឥស្លាមមួយក្នុងខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន បានកើនឡើងដល់ ១០០នាក់ហើយនៅល្ងាចថ្ងៃអង្គារនេះ និងជាង ២០០នាក់ផ្សេងទៀតបានរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការវាយប្រហារខាងលើ ដែលកើតមានចំពេលថ្វាយបង្គំថ្ងៃត្រង់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅព្រះវិហារអ៉ីស្លាមមួយកន្លែង ក្នុងទីក្រុងផេសាវ៉ា (Peshawar) ភាគពាយព្យ ប្រទេសប៉ាគីស្ថាន គឺត្រូវបានធ្វើឡើងដោយជនបំផ្ទុះគ្រាប់បែកអត្តឃាត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប៉ាគីស្ថាន មានមនុស្សប្រហែលខ្ទង់៤០០នាក់ ស្ថិតក្នុងព្រះវិហារខាងលើ នៅពេលការវាយប្រហារបានកើតឡើង។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ លោក Mohammad Asim អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading បាននិយាយថា អ្នករងរបួសចំនួន ៥៣ នាក់កំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យនៅឡើយ ហើយអ្នកផ្សេងទៀតត្រូវបានអនុញ្ញាតឲ្យចេញទៅផ្ទះ បន្ទាប់ពីទទួលបានការព្យាបាល។
លោកបានបន្ថែមថា អ្នករបួសចំនួន ៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយកំពុងត្រូវបានគេព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ៕