(សេអ៊ូល)៖ រដ្ឋមន្រ្តីការពារជាតិរបស់សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានប្តេជ្ញាបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា ក៏ដូចជាជំរុញបន្ថែមនូវការរៀបចំផែនការឆត្រនុយក្លេអ៊ែរ ដើម្បីទប់ទល់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង ហើយរារាំងកុំឱ្យសង្រ្គាមអាចផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានធ្វើដំណើរមកកាន់ទីក្រុងសេអ៊ូល ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន កំពុងព្យាយាមធ្វើឱ្យកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួននៅអាស៉ី មានការជឿទុកចិត្តកាន់តែរឹងមាំ ចំពោះការប្តេជ្ញារបស់អាមេរិក ចំពោះមុខការកើនឡើងការគំរាមកំហែងរបស់កូរ៉េខាងជើង។ លោក អូស្ទីន បានជួបជាមួយសមភាគីកូរ៉េខាងត្បូង លោក លេ ចុងស៊ុប (Lee Jong-Sup) ក្រោយកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំរបស់អ្នកទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅឯទីក្រុងវ៉ាស៉ីនតោន។ លោក អូស្ទីន ក៏ត្រូវជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ផងដែរ មុនបន្តដំណើរឆ្ពោះទៅកាន់ប្រទេសហ្វីលីពីន។
ក្នុងសេចក្តីថ្លែងការណ៍រួម ប្រមុខការពារជាតិប្រទេសទាំងពីរ បាននិយាយថា ពួកគេបានព្រមព្រៀងគ្នាជំរុញការចែករំលែកព័ត៌មាន និងការរៀបចំផែនការរួម ហើយប្តេជ្ញាចំពោះការពង្រីកបន្ថែម នូវកម្រិតនិងទំហំនៃការធ្វើសមយុទ្ធយោធារួមក្នុងឆ្នាំនេះ ព្រមទាំងដាក់ពង្រាយអាវុធយុទ្ធសាស្រ្តអាមេរិកកាន់តែញឹកញាប់ ដូចជានាវាផ្ទុកយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែកជាដើម។ សព្វថ្ងៃអាមេរិកមានកងទ័ពជាង២៨,៥០០នាក់ ឈរជើងនៅកូរ៉េខាងត្បូង។
គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានថ្កោលទោស ការធ្វើសមយុទ្ធយោធារួមរវាងអាមេរិកនិងកូរ៉េខាងត្បូង ថាជាភស្តុតាងនៃចេតនាអាក្រក់របស់សម្ព័ន្ធមិត្តទាំងពីរ ហើយក៏បានដំឡើងសាច់ដុំយោធារបស់ខ្លួនផងដែរ។ កាលពីឆ្នាំមុន កូរ៉េខាងជើងបានធ្វើតេស្តបាញ់មីស៉ីលផ្លោងក្នុងចំនួនច្រើនមិនធ្លាប់មាន រួមទាំងការបាញ់មីស៉ីល ICBM ដែលមានសមត្ថភាពហោះដល់សហរដ្ឋអាមេរិក។ ម៉្យាងវិញទៀត ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោនបានព្រមានថា ទីក្រុងព្យុងយ៉ាងអាចកំពុងត្រៀមលក្ខណៈ ដើម្បីធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរ ឡើងវិញជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧មកថែមទៀតផង៕