(មូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការចោទប្រកាន់ដែលថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានគំរាមអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ជាមួយនឹងការវាយប្រហារដោយមីស៊ីល គឺជា «ការកុហក»។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ដោយរំលឹកដល់ជំនួបតាមទូរស័ព្ទជាមួយ លោក ពូទីន កាលពីថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២២ ត្រឹមតែជាងបីសប្តាហ៍ មុនពេលសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង លោក ចនសុន បានប្រាប់ ទូរទស្សន៍អង់គ្លេសថា មេដឹកនាំរុស្ស៊ី បានគំរាមកំហែងរូបលោកនៅចំណុចមួយ។ វាមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំមិនចង់ធ្វើឲ្យអ្នកឈឺចាប់ទេ ប៉ុន្តែបើនិយាយដល់ការប្រើមីស៉ីលវិញ វាចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ»

លោក ប៉េសកូវ បានគូសបញ្ជាក់ថា «គ្មាន ការ គំរាម កំហែង ដោយ មីស៉ីលណាមួយ ទេ។ អ្វីដែលលោក ពូទីន និយាយគឺចង់សំដៅពន្យល់ពីបញ្ហាប្រឈមចំពោះសន្តិសុខរបស់រុស្ស៊ី។ លោកប្រធានាធិបតីពូទីន ចង់មានន័យថា ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយអង្គការណាតូ ដោយការដាក់ពង្រាយអាវុធឬមីស៉ីលរបស់អាមេរិកនៅតាមព្រំដែនរបស់យើង នោះនឹងមានន័យថា មីស៊ីលណាមួយអាចទម្លុះទីក្រុងមូស្គូក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ»

គួរបញ្ជាក់ថា ការចោទប្រកាន់របស់លោក ចនសុន ខាងលើនេះ បានលេចឡើងក្នុងវីដេអូឯកសារថ្មីមួយស្តីអំពីវិបត្តិនៅអ៊ុយក្រែន របស់ទូរទស្សន៍ BBC ដែលបានចេញផ្សាយនាពេលថ្មីៗនេះ៕