(វ៉ាស៉ីនតោន)៖ មេធាវីរបស់អតីតប្រធានាធិបតីប្រេស៉ីល បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោក ចាអៀ ប៊ុលសូណារ៉ូ (Jair Bolsonaro) បានដាក់ពាក្យស្នើសុំទិដ្ឋាការទេសចរណ៍រយៈពេល៦ខែ ដើម្បីបន្តស្នាក់នៅក្នុងសហរដ្ឋអាមេរិក ទោះជាមានការអំពាវនាវដកទិដ្ឋាការរបស់អតីតប្រធានាធិបតីរូបនេះ ក្រោយពីមានការតវ៉ាដោយហិង្សានៅទីក្រុងប្រាស៉ីលីយ៉ា (Brasilia) ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

លោក ប៊ុលសូណារ៉ូ ដែលមេដឹកនាំស្តាំនិយមជ្រុល បានធ្វើដំណើរទៅកាន់រដ្ឋផ្លរីដានៃសហរដ្ឋអាមេរិក ពីរថ្ងៃមុនពេលអាណត្តិរបស់គាត់បានបញ្ចប់នៅថ្ងៃទី១ ខែមករា និងមុនពេលដែលអ្នកគាំទ្រអតីតប្រធានាធិបតីរូបនេះ បានធ្វើការអុកឡុកនៅក្នុងរដ្ឋធានីរបស់ប្រទេសប្រេស៉ីល។

លោក ហ្វេលីប អាឡិចសាន់ដឺ (Felipe Alexandre) មេធាវីរបស់លោក ប៊ុលសូណារ៉ូ បានិយាយថា សហរដ្ឋអាមេរិកបានទទួលបែបបទស្នើសុំកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយថា លោក ប៊ុលសូណារ៉ូ អាចបន្តស្ថិតនៅក្នុងសហរដ្ឋអាមេរិក ខណៈកំពុងរងចាំដំណើរការនិតិវិធីលើទិដ្ឋាការប្រភេទនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយថា កំណត់ត្រាទិដ្ឋាការគឺជាការសម្ងាត់នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក ហើយមិនអាចបញ្ចេញព័ត៌មានលម្អិតអំពីករណីទិដ្ឋាការបុគ្គលបាននោះទេ។

គួរបញ្ជាក់ថា បុគ្គលដែលបានចូលមកក្នុងសហរដ្ឋអាមេរិកតាមទិដ្ឋាការប្រភេទ A ដែលបម្រុងទុកសម្រាប់អ្នកការទូត និងប្រមុខរដ្ឋ មានកាតព្វកិច្ចចាកចេញពីប្រទេសក្នុងរយៈពេល ៣០ថ្ងៃ ឬស្នើសុំការផ្លាស់ប្តូរស្ថានភាពអន្តោប្រវេសន៍ ប្រសិនបើពួកគេលែងមានកិច្ចការផ្លូវការទៀត។ លោក ប៊ុលសូណារ៉ូ ត្រូវបានគេជឿថាកំពុងស្ថិតក្រោមទិដ្ឋាការបែបនេះ៕