(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃអង្គារនេះ បានថ្កោលទោសកិច្ចសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីជាប់ឆ្នោតរបស់សាធារណរដ្ឋឆែក គឺលោក ភីតឺ ផាវែល (Petr Pavel) ហើយនិងប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ដោយចោទថា លោក ផាវែល ក្រឡាស់សម្តីនិងខ្វះការគួរឱ្យជឿទុកចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ាវ នីង (Mao Ning) បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនមានការមិនពេញចិត្តជាខ្លាំង និងជំទាស់ដាច់ខាតចំពោះកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ផាវែល និងលោកស្រី សៃ ហើយទីក្រុងប៉េកាំងក៏បានបង្ហាញគោលជំហរយ៉ាងរឹងមាំនេះ ទៅកាន់សាធារណរដ្ឋឆែកផ្ទាល់ផងដែរ។ មិនតែប៉ុណ្ណោះ លោកស្រី ម៉ាវ បានចោទសួរអំពីការគួរឱ្យជឿជាក់របស់លោក ផាវែល សម្រាប់អ្វីដែលលោកស្រីពិពណ៌នាថា ជាការប្រែប្រួលនៃគោលជំហររបស់លោក ដែលថាការអះអាងអធិបតេយ្យរបស់ទីក្រុងប៉េកាំង លើដែនកោះតៃវ៉ាន់ គួរតែទទួលបានការគោរព។
គួរបញ្ជាក់ថា លោក ផាវែល បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយ លោកស្រី សៃ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈវាគឺជាសញ្ញារីកចម្រើនមួយ នៃផ្នែកការទូតសម្រាប់តៃវ៉ាន់ ដែលមិនមានទំនាក់ទំនងផ្លូវការជាមួយទីក្រុងប្រាកឡើយនោះ។ លោក ផាវែល នឹងក្លាយជាប្រធានាធិបតីទី៤ នៃសាធារណរដ្ឋឆែក ជំនួស លោក មីឡូស ហ្សេម៉ាន (Milos Zeman) គាំទ្រដោយចិននិងរុស្ស៊ី ដែលនឹងចប់អាណត្តិនៅខែមីនា ឆ្នាំ២០២៣៕