(តែលអាវីវ)៖ កំលុងទស្សនកិច្ចនៅទីក្រុងហ្សេរុយសាឡឹម កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់តូនី ប្លីនខិន បានអំពាវនាវឱ្យអ៉ីស្រាអែលក៏ដូចជាប៉ាឡេស្ទីន ព្យាយាមបន្ធូរបន្ថយភាពតានតឹង ហើយនាឱកាសនោះ លោកក៏បានសង្កត់ធ្ងន់​ឡើងវិញផងដែរថា មានតែដំណោះស្រាយរដ្ឋពីរប៉ុណ្ណោះ ទើបអាចជាផ្លូវឆ្ពោះទៅមុខ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ក្រោយជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅទីក្រុងហ្សេរុយសាឡឹម លោក ប្លីនខិន បានគូសបញ្ជាក់ឡើងវិញនូវជំនឿជឿជាក់របស់សហរដ្ឋអាមេរិក ដែលថាដំណោះស្រាយរដ្ឋពីរ គឺជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់ជម្លោះរវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន។ ដំណោះស្រាយរដ្ឋពីរ ចង់សំដៅលើទឹកដីប៉ាឡេស្ទីនត្រូវបានទទួលស្គាល់ជា​ប្រទេសឯករាជ្យពេញលេញមួយ នៅទន្ទឹមគ្នាជាមួយអ៉ីស្រាអែល។ យ៉ាងណាក្តី ការស្ទង់មតិចុងក្រោយបានបង្ហាញថា ប្រជាជនទាំងសងខាង មានគាំទ្រទាបខ្លាំងណាស់ នាពេលនេះ ចំពោះដំណោះស្រាយរដ្ឋពីរ ហើយកិច្ចពិភាក្សាលើបញ្ហានេះ ដែលគាំទ្រដោយសហរដ្ឋអាមេរិក បានជាប់គាំងតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ នៅថ្ងៃអង្គារនេះ លោក ប្លីនខិន នឹងត្រូវជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូដ អាបាស់។

លោករដ្ឋមន្រ្តីការបរទេសអាមេរិក ក៏បានថ្កោលទោសការកើនឡើងនៃអំពើហិង្សាបង្ហូរឈាម រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន ក្នុងមួយរយៈចុងក្រោយនេះផងដែរ។ លោក ប្លីនខិន បាននិយាយថា «វាគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់ ដើម្បីចាត់វិធានការរំងាប់ភាពតានតឹង ជាជាងចាក់សាំងបន្ថែមលើភ្លើង។ យើងថ្កោលទោសអ្នកដែលសាទរអំពើហិង្សាទាំងនេះ ក៏ដូចជាសកម្មភាពអាក្រក់ៗដទៃទៀត ដែលផ្តាច់ជីវិតជនស្លូតត្រង់ ដោយពុំគិតថាជនរងគ្រោះជាអ្នកណា និងប្រកាន់ជំនឿបែបណាឡើយ។ មួយវិញទៀត ការសងសឹកគ្នាទៅវិញទៅមក ប្រឆាំងនឹងជនស្លូតត្រង់កាន់តែច្រើនថែមទៀត គឺមិនមែនជាចម្លើយនោះទេ»។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្តាហ៍មុន ជនជាតិអ៉ីស្រាអែលសរុបចំនួន៧នាក់ ត្រូវបានបាញ់សម្លាប់ដោយបុរសប៉ាឡេស្ទីនម្នាក់ នៅភាគខាងកើតទីក្រុងហ្សេរុយសាឡឹម។ ដោយឡែក មួយថ្ងៃមុននោះ អ៉ីស្រាអែលបានបើកប្រតិបត្តិការវាយឆ្មក់លើ ជំរំជនភៀសខ្លួនមួយកន្លែង នៅតំបន់ហ្វេសប៊ែង (West Bank) ដែលបានផ្តាច់ជីវិតមនុស្ស១០នាក់។ ជនជាតិប៉ាឡេស្ទីនសរុបយ៉ាងហោចចំនួន៣៥នាក់បានស្លាប់ ក្នុងនោះរួមមានទាំងជនស៉ីវិលនិងជនសកម្មប្រយុទ្ធ កំលុងការកើនឡើងនៃអំពើហិង្សា ចាប់តាំងពី​ដើមខែមករានេះ៕