(សៅប៉ូឡូ)៖ ប្រធានាធិបតីប្រេស៉ីល លោក លូអ៉ីស អ៉ីនណាស៉ីយ៉ូ លូឡា ដាស៉ីលវ៉ា (Luiz Inacio Lula da Silva) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងមូស្គូកំពុងបង្កើតកំហុសដោយការឈ្លានពានអ៊ុយក្រែន ផ្ទុយពីអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) ដែលបានថ្កោលទោសយ៉ាងខ្លាំងជុំវិញទង្វើវាយប្រហាររបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសាព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

លោក លូឡា បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំគិតថារុស្ស៉ីបានបង្កើតកំហុសដោយការឈ្លានពានប្រទេសដ៏ទៃ ដូច្នេះរុស្ស៉ីជាអ្នកខុស។ ប៉ុន្តែខ្ញុំយល់ថា ភាគីម្ខាងៗមិនព្រមឈប់ប្រយុទ្ធគ្នាគិតតែចង់បានសន្តិភាព ហើយខ្ញុំបានឮតិចតួចណាស់អំពីការស្វែងរកការបញ្ចប់សង្រ្គាដោយសន្តិភាព»។ លោក លូឡា បានបន្ថែមថា «ប្រេស៉ីលមិនអាចផ្តល់គ្រាប់កាំភ្លើងប្រឆាំយន្តហោះ Gepard ដែលផលិតដោយអាល្លឺម៉ង់ ទៅឲ្យអ៊ុយក្រែន តាមការចង់បានរបស់ទីក្រុងបែរឡាំង នោះទេ»

យ៉ាងនេះក្តី រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការរំលោភបំពានរបស់រុស្ស៊ី លើបូរណភាពទឹកដី និងការបញ្ចូលផ្នែកខ្លះនៃទឹកដីអ៊ុយក្រែនទៅជាឧបសម្ព័ន្ធរបស់រុស្ស៉ី ថាជាការរំលោភលើច្បាប់អន្តរជាតិ។

គួរបញ្ជាក់ថា នេះជាលើកទី៣នៃដំណើរបំពេញទស្សកិច្ចទៅកាន់តំបន់អាមេរិកខាងត្បូង របស់លោក សូលហ៍ ដែលបានបរាជ័យដើម្បីស្វែងរកការគាំទ្រពីប្រទេសនៅក្នុងតំបន់នេះ សម្រាប់កិច្ចខិតខំប្រឹងប្រែងជួយដល់អ៊ុយក្រែន។

មេដឹកនាំប្រទេសអាហ្សង់ទីន និងប្រទេសឈីលី បានទម្លាក់ក្តីសង្ឃឹមរបស់អាល្លឺម៉ង់ដែលថាពួកគេអាចផ្តល់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលទស្សនកិច្ចរបស់ លោក សូលហ៍ ដោយសំអាងលើភាពខុសគ្នារវាងលោកខាងលិច និងសម្ព័ន្ធមិត្ត នៅក្នុងប្រទេសដែលមានចំណូលទាប៕