(ប្រាហ្គូ)៖ ក្នុងជំនួបតាមទូរស័ព្ទជាមួយប្រធានាធិបតី និងរដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីរបស់ប្រទេសឆែក លោក ផេតធឺ ប៉ាវេល (Petr Pavel) នៅថ្ងៃចន្ទសប្តាហ៍នេះបានប្តេជ្ញាជំរុញទំនាក់ទំនងនៃប្រទេសរបស់លោក ជាមួយកោះតៃវ៉ាន់បន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានអបអរសាទរលោក ប៉ាវេល ចំពោះជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ លោកស្រី សៃ បានគូសបញ្ជាក់ថា «លោកប្រធានាធិបតី ប៉ាវេល នឹងជាបុគ្គលប្រកាន់ខ្ជាប់នូវស្មារតីរបស់អតីតប្រធានាធិបតីឆែក លោក វ៉ាក្លាវ ហាវ៉េល (Vaclav Havel) និងមានគំនិតដូចគ្នាជាមួយតៃវ៉ាន់»

ជាការឆ្លើយតប លោក ប៉ាវេល និយាយថា «ខ្ញុំបានថ្លែងអំណរគុណដល់លោកស្រី សៃ ចំពោះការស្វាគមន៍នេះ ហើយប្រាប់លោកស្រីថា ខ្ញុំធានាថាតៃវ៉ាន់ និងសាធារណរដ្ឋឆែក នឹងចែករំលែកតម្លៃនៃសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស រួមគ្នា។ យើងបានយល់ព្រមលើការពង្រឹងភាពជាដៃគូរបស់យើង ហើយខ្ញុំសង្ឃឹមថានឹងមានឱកាសជួបប្រធានាធិបតី លោកស្រី សៃ ដោយផ្ទាល់នៅពេលអនាគត»

គួរបញ្ជាក់ថា លោក ប៉ាវេល ធ្លាប់ជាប្រធានាធិបតីទី១របស់សាធារណរដ្ឋឆែក កាលពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣។ លោក ប៉ាវេល ក៏ធ្លាប់ជាអតីតឧត្តមសេនីយមួយរូប បម្រើការជាប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ នៅក្នុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ផងដែរ។

ក្នុងនាមជាប្រធានាធិបតីទី៤ របស់សាធារណរដ្ឋឆែក លោក ប៉ាវេល នឹងជំនួសតំណែង លោក មីឡូស ហ្សេមែន (Milos Zeman) គាំទ្រដោយចិននិងរុស្ស៊ី ដែលនឹងដល់អាណត្តិកំណត់នៅខែមីនា ឆ្នាំ២០២៣។ ហើយការប្តេជ្ញាខាងលើនេះទំនងជាធ្វើឲ្យចិនខឹងសម្បារថែមទៀត៕