(វ៉ាស៊ីនតោន)៖ បារាំង និងអូស្រ្តាលី នៅថ្ងៃចន្ទសប្ដាហ៍នេះបានបង្ហើបពីផែនការផលិតគ្រាប់កំាភ្លើងធំរួមគ្នា សម្រាប់អ៊ុយក្រែន ខណៈប្រទេសទាំង២ កំពុងព្យាយាមស្ដារកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិឡើងវិញ ក្រោយរកាំរកូសនឹងគ្នាជាង២ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

ការប្រកាសពីផែនការខាងលើ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិបារាំង លោក សេបាស្ទៀន ឡឺក័រនុយ (Sebastien Lecornu) បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយសមភាគីអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) ក្នុងជំនួបកម្រិតខ្ពស់លើកដំបូងចាប់តាំងពីមានជម្លោះការទូតជុំវិញសំណុំរឿងនាវាមុជទឹកកាលពីឆ្នាំ២០២១មក។ បើតាមលោក ឡឺក័រនុយ បារាំង និងអូស្ត្រាលី បានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការ ដើម្បីផលិតរួមគ្នានូវគ្រាប់កាំភ្លើងធំ ១៥៥មីលីម៉ែត្ររាប់ពាន់គ្រាប់ សម្រាប់អ៊ុយក្រែន ហើយលោកក៏សង្ឃឹមដែរថាគ្រាប់កាំភ្លើងធំទាំងនេះ អាចនឹងចាប់ផ្ដើមបញ្ជូនឱ្យទីក្រុងកៀវ នៅត្រីមាសដំបូងក្នុងឆ្នាំ២០២៣នេះ។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងបារាំង និងអូស្ត្រាលី បានស្គាល់ភាពរកាំរកូសនឹងគ្នា ដោយសារតែអូស្ត្រាលីបោះបង់ចោលផែនការទិញនាវាមុជទឹកពីបារាំង ដើម្បី ស្រវាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២១ នៅក្រោមក្របខណ្ឌនៃសម្ព័ន្ធភាពត្រីភាគីថ្មីមួយឈ្មោះថា AUKUS ដែលមានអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកជាសមាជិក៕