(សេអ៊ូល)៖ ប្រមុខការពារជាតិអាមេរិក និងកូរ៉េខាងត្បូង នឹងបើកកិច្ចពិភាក្សាមួយនៅថ្ងៃអង្គារនេះ ក្នុងទីក្រុងសេអ៊ូល ខណៈទីក្រុងវ៉ាស៊ីនតោនចង់បញ្ជាក់ប្រាប់សម្ព័ន្ធមិត្ត អាស៊ីដ៏សំខាន់របស់ខ្លួនមួយនេះឡើងវិញពីការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ ជុំវិញឆត្រនុយក្លេអ៊ែរ នៅចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយគ្រោងនឹងត្រូវជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក លី ជុង ស៊ុប (Lee Jong-sup) នៅថ្ងៃអង្គារនេះ ក្រោយប្រមុខការពារជាតិនៃប្រទេសទាំង២ បានជួបពិភាក្សាគ្នាក្នុង ទីក្រុងវ៉ាស៊ីនតោន កាលពីខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួបចុងក្រោយបំផុតខាងលើ កើតមានឡើងនៅចំពេលកូរ៉េខាងត្បូង ហាក់ដូចជាមានការសង្ស័យចំពោះឆត្រនុយក្លេអ៊ែរអាមេរិក ក្នុងបរិបទដែលបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង កាន់តែរីកចម្រើនទៅមុខ ហើយទីក្រុងវ៉ាស៊ីនតោនផ្ទាល់ក៏កំពុងជាប់ដៃជួយអ៊ុយក្រែន ប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានពីសំណាក់រុស្ស៉ី ទៅទៀត។

នៅចំពោះមុខស្ថានភាពបែបនេះឯង ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានអះអាងពីចេតនាអភិវឌ្ឍអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ប្រសិនបើការគំរាមកំហែងពី កូរ៉េខាងជើងបន្តកើនឡើង។ យ៉ាងណាក៏ដោយ លោក អូស្ទីន បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់លោកគឺមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ដើម្បី ដោះស្រាយបញ្ហាប្រឈមខាងសន្តិសុខរួមគ្នាជាមួយកូរ៉េខាងត្បូង និងអះអាងពីការប្ដេជ្ញាចិត្តឥតងាករេក្នុងការការពារកូរ៉េខាងត្បូង ក្នុងពេលដែលស្ថានភាពនៅលើ តំបន់ឧបទ្វីបកូរ៉េឡើងកម្ដៅកាន់តែខ្លាំង៕