(ហ្សឺណែវ)៖ នៅថ្ងៃចន្ទនេះ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា នៅពេលនេះ ជំងឺកូវីដ១៩ នៅតែបន្តត្រូវចាត់ថ្នាក់ជា ភាពអាសន្នសុខភាពសាធារណៈ ដែលគួរជាក្តីបារម្ភរបស់អន្តរជាតិដដែល ទោះស្ថានការណ៍បានធូរស្រាលច្រើនហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។
ការចាត់ថ្នាក់ខាងលើ គឺជាការប្រកាសអាសន្នក្នុងកម្រិតខ្ពស់បំផុត របស់អង្គការសុខភាពពិភពលោក សម្រាប់ជំងឺរាតត្បាត។ WHO បានបន្ថែមក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ជំងឺកូវីដ១៩ បច្ចុប្បន្នហាក់កំពុងស្ថិតនៅចំណុចអន្តរកាលមួយ ដែលតម្រូវឱ្យបន្តមានការគ្រប់គ្រងដោយប្រុងប្រយ័ត្ន ដើម្បីទប់ស្កាត់ផលវិបាកអវិជ្ជមានដែលអាចកើតឡើង។
គួរបញ្ជាក់ថា វាមានរយៈពេល៣ឆ្នាំហើយ ដែល WHO បានប្រកាសជាលើកដំបូង ចាត់ថ្នាក់កូវីដ១៩ ជាភាពអាសន្នសុខភាពសាធារណៈជាសកល ហើយមនុស្សសរុបជិត៧លាននាក់នៅលើពិភពលោក ត្រូវបានជំងឺដ៏កាចសាហាវនេះផ្តាច់យកជីវិត។ យ៉ាងណាមិញ ឥទ្ធិពលនៃវ៉ាក់សាំង និងវិធីសាស្រ្តព្យាបាល បានជួយផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះស្ថានការណ៍រាតត្បាតជំងឺនេះ គិតចាប់តាំងពីឆ្នាំ២០២០មក ដោយអគ្គលេខាធិការអង្គការ WHO បានបង្ហាញក្តីសង្ឃឹមថា ភាពអាសន្នសុខភាពសាធារណៈជាសកលរបស់កូវីដ១៩ អាចនឹងបញ្ចប់នៅត្រឹមឆ្នាំ២០២៣នេះ៕