(មូស្គូ)៖ ក្រុមហ៊ុនមួយនៅប្រទេសរុស្ស៉ី បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់រង្វាន់ចំនួន៥លានរូប្លិ៍ ស្មើនឹង៧២,០០០ដុល្លារអាមេរិក ដល់ក្រុមទាហានរុស្ស៉ីដំបូងគេ ដែលអាចកម្ទេចឬរឹបអូសរថក្រោះរបស់ក្រុមប្រទេសលោកខាងលិច ដែលត្រូវបានសន្យាបញ្ជូន​ឱ្យអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

សហរដ្ឋអាមេរិក អាល្លឺម៉ង់ ព្រមទាំងប្រទេសអឺរ៉ុបដទៃទៀត កំពុងត្រៀមបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់សរុបខ្ទង់រយគ្រឿងឱ្យទៅ​ទីក្រុងកៀវ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដើម្បីជួយបង្កើនសមត្ថភាពប្រយុទ្ធរបស់យោធាអ៊ុយក្រែន នៅក្នុងសង្រ្គាមដែលកំពុង​ឈានជិតដល់ រយៈពេល១ឆ្នាំហើយ។ ការសម្រេចចិត្តរបស់ពួកគេ បានរងការរិះគន់ជាខ្លាំងពីវិមានក្រឹមឡាំង ដែលបានថ្កោលទោសថា ជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ ហើយបានព្រមានថា រថក្រោះទាំងនោះនឹងត្រូវឆេះខ្ទេចខ្ទី នៅលើសមរភូមិ។

ឥឡូវនេះ ក្រុមហ៊ុនមួយរបស់រុស្ស៉ី ហៅថា ហ្វូរេស (Fores) ដែលជាក្រុមហ៊ុនផលិតវត្ថុធាតុដើម សម្រាប់វិស័យឧស្សាហកម្មថាមពល បានប្រកាសផ្តល់រង្វាន់ជាសាច់ប្រាក់ដល់ក្រុមទាហានរុស្ស៉ីណា ដែលអាចរឹបអូសឬមួយកម្ទេចរថក្រោះ Leopard 2 ដែលផលិត​ដោយអាល្លឺម៉ង់ ឬក៏រថក្រោះ Abrams ដែលផលិតដោយអាមេរិក។

បើតាមការអះអាងរបស់ក្រុមហ៊ុន Fores ខ្លួននឹងផ្តល់លុយ៥លានរូប្លិ៍ដល់ក្រុមទាហានរុស្ស៉ីណា ដែលអាចកម្ទេចរថក្រោះទាំងនោះបាន​ដំបូងគេ ហើយក្រុមក្រោយៗទៀតនឹងបានប្រាក់រង្វាន់៥០០,០០០រូប្លិ៍ (៧,២០០ដុល្លារ)។ ក្រុមហ៊ុន Fores ក៏នឹងផ្តល់ប្រាក់រង្វាន់ ១៥លានរូប្លិ៍ (២១៥,០០០ដុល្លារ) ផងដែរ សម្រាប់ការកម្ទេចយន្តហោះចម្បាំងរបស់ក្រុមលោកខាងលិច ប្រសិនបើពួកវាត្រូវបាន​បញ្ជូនឱ្យអ៊ុយក្រែន នាពេលអនាគត។

គួរបញ្ជាក់ថា ខណៈនេះទីក្រុងកៀវមិនទាន់ទទួលបាន រថក្រោះ ​Leopard 2 ឬ Abrams យកទៅប្រើប្រាស់ក្នុងសមរភូមិនៅឡើយទេ ដោយត្រូវរង់ចាំប៉ុន្មានខែទៀត ទើបពួកវាអាចបញ្ជូនទៅដល់។ ដោយឡែក ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ក្រសួងការពារជាតិរុស្ស៉ី បានអះអាងថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញសព្វាវុធនិងបរិក្ខារយោធារាប់រយគ្រឿង ដែលសម្ព័ន្ធមិត្តលោកខាងលិចបានជួយផ្តល់ឱ្យអ៊ុយក្រែន ​នាពេលកន្លងមកនេះ។