(អ៉ីស្លាម៉ាបាដ)៖ អាជ្ញាធរប៉ាគីស្ថានបានឱ្យដឹងថា នៅថ្ងៃចន្ទនេះ មានករណីបំផ្ទុះគ្រាប់បែកកើតឡើង នៅក្នុងព្រះវិហារមួយកន្លែង ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងហោច១៩នាក់ និងបង្កឱ្យរបួសរាប់សិបនាក់ផ្សេងទៀត នៅឯទីក្រុងភាគពាយព្យប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើងនៅទីក្រុងផេសាវ៉ា (Peshawar) ចំពេលដែលមនុស្សម្នាជាច្រើន ប្រមូលផ្តុំគ្នាសម្រាប់ការថ្វាយបង្គំពេលថ្ងៃត្រង់ ក្នុងព្រះវិហារអ៉ីស្លាម។ បើតាមប៉ូលិសប៉ាគីស្ថាន វាទំនងជាសកម្មភាពបំផ្ទុះគ្រាប់បែកអត្តឃាត ហើយអាចមានមនុស្សប្រហែល២៦០នាក់ ស្ថិតក្នុងទីនោះ នៅពេលការវាយប្រហារកើតឡើង។ អ្នកនាំពាក្យមន្ទីរពេទ្យ Lady Reading Hospital នៃទីក្រុងផេសាវ៉ា បានប្រាប់ថា មន្ទីរពេទ្យទទួលបាន សាកសពយ៉ាងហោច១៩នាក់ និងអ្នករងរបួសជាង៩០នាក់ ហើយក្នុងចំណោមនោះជាច្រើននាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គួរបញ្ជាក់ថា ជាលទ្ធផលនៃការវាយប្រហារ ព្រះវិហារមួយផ្នែកធំបានដួលរលំ ហើយអាជ្ញាធរបានអះអាងថា មានជនរងគ្រោះមួយចំនួនទៀត នៅកប់ក្រោមគំនរបាក់បែក។ ដោយឡែក កាលពីខែមីនា ឆ្នាំ២០២២ ជនបំផ្ទុះគ្រាប់បែកអត្តឃាត​ម្នាក់របស់ក្រុមភេរវករ ​ISIS បានវាយប្រហារលើ ព្រះវិហារមួយកន្លែង ស្ថិតក្នុងទីក្រុងដូចគ្នា ដែលបានឆក់យកជីវិតមនុស្ស៦៤នាក់៕