(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានស្នើរកមីស៊ីលបាញ់ចម្ងាយឆ្ងាយ និងយន្តហោះផលិតដោយក្រុមប្រទេសលោកខាងលិចទៀតហើយ បន្ទាប់ពីការទទួលបាននូវការសន្យាជួយរថក្រោះ។ តើការស្នើរកមីស៊ីលបាញ់ចម្ងាញ់ឆ្ងាយនិងការស្នើរកយន្តហោះបន្ថែម ទៀតសម្រាប់ទប់ទល់និងការវាយប្រហារលើរុស្ស៊ីផងអាចទទួលបានលទ្ធផលបានដែរឬទេ?

បន្ទាប់ពីមានការសន្យាផ្តល់រថក្រោះដល់អ៊ុយក្រែនរួចមក, លោក ហ្សេលេនស្គី បានបន្តស្នើសុំមីស៊ីលរយៈចម្ងាយឆ្ងាយនិងយន្តហោះប្រយុទ្ធពីសហរដ្ឋអាមេរិក និងអង្គការណាតូជាបន្ថែម។ សេចក្តីស្នើសុំជំនួយ យោធាបន្ថែមមិនឈប់ឈរនេះ គឺបន្ទាប់ពីសេចក្តីស្នើសុំរបស់អ៊ុយក្រែន តាំងពីកាំភ្លើងត្បាល់ Artillery, ប្រព័ន្ធអាវុធការពារអាកាស និងអាវុធមីស៊ីលបាញ់រយៈចម្ងាយ មធ្យម HIMARS និងជាពិសេស រថក្រោះ របស់បស្ចឹមប្រទេសនាវេលាចុងក្រោយនេះទៀត ដែលទើបនឹងសម្រេចឱ្យតាមបំណងរបស់អ៊ុយក្រែនដើម្បីការត្រៀមបើកយុទ្ធនាការវាយលុក នៅក្នុងរដូវផ្ការីកជិតមកដល់ខាងមុខនេះ។

ប៉ុន្តែ អ៊ុយក្រែនមិនទាន់បញ្ឈប់ត្រឹមតែអាវុធប្រភេទទាំងឡាយនោះទេ អ៊ុយក្រែនបានបន្ថែមនូវការស្នើរកគ្រឿងសព្វាវុធជាបន្ថែមទៀតដែលជា សំណើកាន់តែកើនឡើងនិងដែលបានឆ្លងនឹងបន្ទាត់ក្រហមរបស់ អង្គការណាតូ។ មន្ត្រីជំនិតនឹងប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានថ្លែងកាលពីចុងសប្តាហ៍នេះថាអ៊ុយក្រែនត្រូវការអាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយ និងយន្តហោះប្រយុទ្ធរបស់ប្រទេស លោកខាងលិច គឺដើម្បីរារាំងរុស្ស៊ីមិនឱ្យបំផ្លាញបណ្តាក្រុងនៃប្រទេសអ៊ុយក្រែន។ នៅជាមួយគ្នានេះទៀត, ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងបញ្ជាក់បន្ថែមទៀត ជុំវិញការចង់បាននូវអាវុធ ទាំងឡាយនោះក្រោមលេសថាអ៊ុយក្រែនចង់ទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីលើបណ្តាក្រុងអ៊ុយក្រែន និងលើពលរដ្ឋស៊ីវិលនានា។

លោក ហ្សេលេនស្គី បានបញ្ជាក់ច្បាស់ៗថា មីស៊ីលបាញ់រយៈចម្ងាយឆ្ងាយដែលអ៊ុយក្រែន ចង់បានដូចជាមីស៊ីល ATACMS Army Tactical Missile System ដែលអាចហោះកម្រិតចម្ងាយ៣០០គីឡូម៉ែត្រ ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរហូតមកទល់ពេលនេះតែងបដិសេធមិនព្រមផ្តល់ឱ្យនោះឡើយ។ មន្ត្រីក្រសួងការពារជាតិអាមេរិក បានថ្លែងក្នុងខែមករានេះថាសហរដ្ឋអាមេរិកនឹងមិនបញ្ជួនមីស៊ីលបាញ់ រយៈចម្ងាយវែង ATACMS ដល់អ៊ុយក្រែននោះទេ។ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Colin Kahl បានថ្លែងថាអ៊ុយក្រែនតាមពិតអាចផ្លាស់ប្តូររូបភាពលើសមរភូមិរបស់ខ្លួនបាន ជាមួយនឹង ការវាយបណ្តេញទាហានរុស្ស៊ី ដោយមិនចាំបាច់ប្រើប្រាស់អាវុធ មីស៊ីរយៈចម្ងាយឆ្ងាយ ATACMS របស់អាមេរិកនោះឡើយ។

បច្ចុប្បន្ន អ៊ុយក្រែនក្នុងការវាយលើសមរភូមិ បានប្រើប្រាស់អាវុធរបស់ប្រទេសលោកខាងលិចជាច្រើន ជាពិសេសអាវុធមីស៊ីលបាញ់ចម្ងាយមធ្យម HIMARS របស់សហរដ្ឋអាមេរិក។ ប៉ុន្តែ មហិច្ឆិតារបស់អ៊ុយក្រែន គឺត្រូវការអាវុធមីស៊ីលដែលអាចបាញ់ឆ្ងាយជាងប្រព័ន្ធអាវុធ HIMARS នេះថែមទៀត។ មន្ត្រីអ៊ុយក្រែនថ្លែងថា HIMARS របស់អាមេរិកគឺជាអាវុធដែលបាញ់បានចម្ងាយ ៨០គីឡូម៉ែត្រ និងមិនអាចបាញ់ដល់តំបន់ ជាច្រើនដែលស្ថិតនៅឆ្ងាយបានឡើយ។ ប៉ុន្តែ អ៊ុយក្រែនថ្លែងថា បើគ្មានអាវុធបាញ់ចម្ងាយឆ្ងាយនោះទេ គេនឹងមិនអាចរារាំងអាវុធមីស៊ីលរុស្ស៊ីដែលមានទីតាំងឆ្ងាយនិងតែងបានបាញ់ ដាក់មកលើបណ្តាក្រុងអ៊ុយក្រែន នោះបានឡើយ ដូចជាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣, មីស៊ីលរបស់រុស្ស៊ីបានបាញពីចម្ងាយដាក់មកលើក្រុងកូស្ទីយ៉ាន់ទីនីវកា Kostyantynivka ក្នុងខេត្តដូណេតស៍ដែលបណ្តាលឱ្យមានមនុស្សស្លាប់៣នាក់ និងរងរបួស១៤នាក់នោះជាដើម។

លោក ហ្សេលេនស្គី បានថ្លែងទទូចថា អ៊ុយក្រែនត្រូវការមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយដើម្បីរារាំងរុស្ស៊ី មិនឱ្យមានទីតាំងមីស៊ីលបាញ់ពីកន្លែងឆ្ងាយនោះអាចបំផ្លាញជីវិតពលរដ្ឋនិងលើក្រុងរបស់អ៊ុយក្រែន បានឡើយ។ លោក ហ្សេលេនស្គី ថ្លែងទៀតថាមិនគួរឱ្យមានការហាមឃាត់ ឬការរារាំងណាមួយនៃការផ្តល់អាវុធបែបនោះមកឱ្យអ៊ុយក្រែនដើម្បីការការពារខ្លួនបានឡើយ។ លោកបានថ្លែងប្តេជ្ញាថាអ៊ុយក្រែន នឹងធ្វើអ្វីៗទាំងអស់ដើម្បីអាចធានាបានថាដៃគូរបស់អ៊ុយក្រែននឹងបើកចំហរចំពោះការផ្តល់អាវុធស្លាប់រស់នេះដល់អ៊ុយក្រែន រួមទាំងការផ្តល់នូវមីស៊ីល ATACMS និងប្រព័ន្ធមីស៊ីលដែល មានឥទ្ធិពលប្រហាក់ប្រហែលគ្នានេះ។

សេចក្តីរាយការណ៍យោធាបានឱ្យដឹងថាលោក ហ្សេលេនស្គី ធ្លាប់បានបរាជ័យម្តងរួចមកហើយក្នុងពេលធ្វើ Lobby ជាមួយនឹងលោក ចូ បៃដិន កាលពីក្នុងខែធ្នូ ឆ្នាំ ២០២២ក្នុងការស្នើរកអាវុធ ATACMS នេះ ដោយសារតែសហរដ្ឋអាមេរិកបារម្ភខ្លាចក្រែងមានការប្រើប្រាស់អាវុធមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនេះ ដាក់លើទឹកដីរបស់រុស្ស៊ី ដែលនឹងបង្កើនភាពតានតឹងកាន់តែខ្លាំង។ ប៉ុន្តែ ការលង់ខ្លួនរបស់សហរដ្ឋអាមេរិក កាន់តែខ្លាំងក្នុងសង្គ្រាមអ៊ុយក្រែន សំណើរបស់អ៊ុយក្រែនដែលចង់បានមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយនេះ នឹងត្រូវស្ថិតក្នុងកិច្ចពិភាក្សាជាបន្ថែមទៀត បើទោះបីជាមុននេះមានសេចក្តីបដិសេធមិនបញ្ជួនទៅ នោះពិតមែនក៏ដោយ។ ដោយឡែក ក្រៅពីមីស៊ីលបាញ់រយៈចម្ងាយឆ្ងាយអ៊ុយក្រែនត្រូវការយន្តហោះទំនើបផលិត ដោយប្រទេសលោកខាងលិចនិងពីសហរដ្ឋអាមេរិកថែមទៀត។ ការស្នើរកយន្តហោះប្រយុទ្ធនេះ ក៏ជាសំណើធ្លាប់បានបដិសេធពីប្រទេសលោកខាងលិចផងដែរ ប៉ុន្តែអ៊ុយក្រែនលើកយកមកស្នើជាបន្ថែមទៀតដោយសារតែសហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច បានលង់ខ្លួន កាន់តែខ្លាំងក្នុងសង្គ្រាម អ៊ុយក្រែន ដែលគិតមកទល់នឹងថ្ងៃច័ន្ទទី៣០មករានេះ មានរយៈពេល៣៤០ថ្ងៃហើយ។

កាសែតអេស្ប៉ាញ El Pais បានសរសេរដោយដកស្រង់សម្តីមន្ត្រីនាំពាក្យកម្លាំងអាកាសអ៊ុយក្រែន លោក Yuri Ihnat ដែលនិយាយថាអ៊ុយក្រែនចង់បង្កើតអង្គភាព២ Squadron ដែល Squadron និមួយនឹងមាន យន្តហោះប្រយុទ្ធ១២គ្រឿង ហើយយន្តហោះទាំងនោះដូចជាយន្ត F-16 របស់អាមេរិកនោះជាដើម។ ប៉ុន្តែ ក្រោយការចេញផ្សាយនូវកាសែតអេស្ប៉ាញនោះ, មន្ត្រីនាំពាក្យកងកម្លាំងអាកាសង៊ុយក្រែននោះ ស្រាប់តែបដិសេធលើការផ្សាយនោះទៅវិញ។ មន្ត្រីនាំពាក្យអាកាសនោះបានថ្លែងកែតម្រូវវិញថាអ៊ុយក្រែនកំពុងស្ថិតក្នុងដំណាក់កាលចរចាអំពីបញ្ហាយន្តហោះ…ហើយចំណែកយន្តហោះប្រភេទអ្វី និងមានចំនួន ប៉ុន្មាននោះ នៅមិនទាន់បានកំណត់នៅឡើយទេ។ បើយោងតាមការផ្សាយរបស់កាសែតអេស្ប៉ាញ El Pais ដែលដកស្រង់សម្តីមន្ត្រីនាំពាក្យកងកម្លាំងអាកាសដដែលនោះ បាននិយាយថា យន្តហោះ F-16 អាចជា ជម្រើសល្អបំផុតសម្រាប់ជំនួសអង្គភាពយន្តហោះបច្ចុប្បន្នដែលប្រើប្រាស់តែយន្តហោះចម្បាំងសេសសល់ពីអតីតសម័យសូវៀតពីអតីតកាល។

មន្ត្រីទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jon Finer បានថ្លែងកាលពីសប្តាហ៍មុន ថា សហរដ្ឋអាមេរិកនឹងពិភាក្សាលើយោបល់នៃការស្នើផ្គត់ផ្គង់យន្តហោះនេះដោយប្រុងប្រយ័ត្នបំផុតជាអ៊ុយក្រែននិងជាមួយ ប្រទេសជាសម្ព័ន្ធមិត្ត។ អធិបការបតីអាល្លឺម៉ង់ លោក Olaf Scholz បានថ្លែងថាកាលពីថ្ងៃអាទិត្យទី២៩ ខែមករា ឆ្នាំ២០២៣ ថាអាល្លឺម៉ង់នឹងមិនបញ្ជួនយន្តហោះប្រយុទ្ធទៅឱ្យអ៊ុយក្រែននោះទេ។ លោកបានថ្លែងថា លោកមិនអាចផ្តល់នូវយោបល់ដែលនាំឱ្យសង្គ្រាមកាន់តែបន្តឆាបឆេះដោយសារតែការផ្តល់អាវុធនោះបានឡើយ។ ប៉ុន្តែ ប្រទេសអ៊ុយក្រែនដើម្បីការចង់បានយន្តហោះពី ប្រទេសលោកខាងលិចនោះ បានស្នើរក ការបង្កើតជាសម្ព័ន្ធយន្តហោះចម្បាំងដែលអ៊ុយក្រែនចាត់ទុកថាគឹក្នុងបំណងចង់បង្កើនសមត្ថភាពដល់ប្រទេសអ៊ុយក្រែននោះ។ អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andriy Melnyk បានអំពាវនាវឲ្យមាន ការបង្កើតសម្ព័ន្ធយន្តហោះចម្បាំងនេះ ដែលអាចផ្ដល់យន្តហោះចម្បាំងនានាដូចជា F-16 និង F-35 របស់សហរដ្ឋអាមេរិក យន្តហោះចម្បាំងរបស់អឺរ៉ុប បារាំង និង ស៊ុយអែតជាដើម។

ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងកាសែតអាឡឺម៉ង់ លោក អូឡាហ្វ សូលស៍ បានក្រើនរំលឹកសូមកុំឲ្យមានសង្គ្រាមស្នើសុំអាវុធបែបនេះ។ លោកបាននិយាយថានាពេលនេះ គឺគម្រោងរបស់លោកគឺមានតែការជួយ ផ្តល់រថក្រោះ Leopard 2 អាល្លឺម៉ង់ទៅឱ្យអ៊ុយក្រែនតែប៉ុណ្ណោះ។ លោកបញ្ជាក់ថាអាល្លឺម៉ង់ពិបាកនាស់ទើបនឹងពិភាក្សាសម្រេចចិត្តថ្មីៗឱ្យរថក្រោះ Leopard2… ប៉ុន្តែ ពេលនេះបែរជាចង់ឱ្យមានកិច្ចពិភាក្សា បន្ទាប់មកទៀត ដែលនឹងអាចដុតបញ្ឆេះអាល្លឺម៉ង់តែម្តង ហើយវាមិនសក្តិសមទាល់តែសោះ។ មេដឹកនាំអាល្លឺម៉ង់ថ្លែងថា អង្គការណាតូ នឹងមិនធ្វើសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ីទេ និងក៏បានបញ្ជាក់បន្ថែមថាគេនឹង មិនឱ្យមានការកើនឡើងនូវសង្គ្រាមអ៊ុយក្រែននោះឡើយ។ លោក អូឡាហ្វ សូល ប្រាប់កាសែតតាហ្គេស្ពីជែល Tagesspiegel ថាលោកតែងតែជជែកដោយទៀងទាត់ជាមួយនឹងលោក វ្ល៉ាឌីមៀ ពូទីន ជាពិសេស ចុងក្រោយ នេះទៀតកាលពីខែធ្នូឆ្នាំ២០២២។ លោក អូឡាហ្វ សូលស៍ថ្លែងថាលោកតែងតែបញ្ជាក់ប្រាប់លោកពូទីនថាអំពើឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែននឹងមិនអាចទទួលយកបានឡើយ ហើយមានតែ ការដកកងទ័ពរុស្ស៊ី វិញចេញពីទឹកដីអ៊ុយក្រែននោះទេ ដែលជាវិធីអាចដោះស្រាយបញ្ហាបាន។

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ធ្លាប់បដិសេធលើការផ្តល់រថក្រោះរបស់ខ្លួនម្តងរួចមកហើយ ប៉ុន្តែនៅតែសម្រេចចិត្តផ្តល់រថក្រោះទាំងនោះជាដដែល។ សេចក្តីបដិសេធលើរឿងយន្តហោះ និងមីស៊ីលបាញ់រយៈចម្ងាយវែងនេះ ក៏គេនៅតែគិតថាគង់តែនឹងមិនអាចដាច់ខាតបានឡើយ ដោយសារតែការលង់នឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននេះ៕