(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានសម្លាប់មនុស្សចំនួន ៣នាក់នៅក្នុងទីក្រុងខឺសុន (Kherson) ភាគខាងត្បូងអ៊ុយក្រែន ខណៈការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ដូណេត (Donetsk) ភាគខាងកើត ដោយរុស្ស៊ីបានបាញ់ផ្លោងម្តងទៀតទៅលើទីក្រុង វ៊ូឡេដា (Vuhledar)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា អ៊ុយក្រែនកំពុងប្រឈមនឹងស្ថានភាពដ៏លំបាក នៅក្នុងទីក្រុងនៃតំបន់ដូណេត ហើយត្រូវការអាវុធធន់ធ្ងន់ជាបន្ទាន់ ជាពិសេសអាវុធស៊េរីទំនើប តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ក្រុមសម្ព័ន្ធមិត្តបានយល់ព្រមផ្តល់រថក្រោះប្រយុទ្ធមកកាន់ទីក្រុងកៀវ។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ស្ថានការណ៍គឺតឹងតែងណាស់។ ទីក្រុងបាកមូត ទីក្រុងវ៉ូឡេដា និងកន្លែងផ្សេងទៀតនៃតំបន់ដូណេត កំពុងទទួលរងនូវការវាយប្រហាររបស់រុស្ស៊ីឥតឈប់ឈរ។ រុស្ស៊ីចង់អូសបន្លាយសង្រ្គាម និងធ្វើឲ្យកម្លាំងរបស់យើងចុះខ្សោយ។ ដូច្នេះយើងតែបង្កើនកម្លាំងឆ្លើយតប បង្កើនល្បឿនផ្គត់ផ្គង់អាវុធ និងបើកជម្រើសផ្តល់អាវុធប្រភេទថ្មីបន្ថែមទៀត សម្រាប់អ៊ុយក្រែន»

គួរបញ្ជាក់ថា រថក្រោះប្រយុទ្ធរហូតដល់ ៣២១គ្រឿងត្រូវបានក្រុមប្រទេសលោកខាងលិចសន្យាផ្តល់ឲ្យអ៊ុយក្រែន ហើយត្រូវចំណាយពេលរាប់ខែឯណោះដើម្បីបញ្ជូនទៅដល់សមរភូមិ។ ព្រមគ្នាជាមួយនិងការអំពាវនាវចង់បង្កើនល្បឿន នៃការចែកចាយរថក្រោះនេះហើយ អ៊ុយក្រែនក៏មានបំណងសុំជំនួយយន្តហោះចម្បាំង F16 របស់អាមេរិកផងដែរ។ រុស្ស៉ី-អ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមការវាយលុក នៅកំលុងនិទាឃរដូវក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕