(វែលីងតោន)៖ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា អក់លែន (Auckland) ដែលជាទីក្រុងធំបំផុតមួយរបស់ប្រទេសនូវែលសេឡង់ ហើយកំពុងរងគ្រោះដោយទឹកជំនន់ស្រាប់នោះ ត្រូវបានព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ខណៈការវាយតម្លៃលើការខូចខាត ទំនងជាមានទំហំធំមិនធ្លាប់មាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣។

រហូតមកដល់ពេលនេះមានមនុស្សចំនួន៤នាក់ បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ ដែលបានវាយប្រហារទីក្រុងមួយនេះ ក្នុងរយៈពេលបីថ្ងៃចុងក្រោយ។ ការកំណត់ភាពអាសន្ននៅតែមានសម្រាប់ទីក្រុងអក់លែន និងភាគខាងត្បូងក្នុងតំបន់វ៉េតូម៉ូ (Waitomo)។ រីឯជើងហោះហើរមកកាន់ និងចេញពីអាកាសយានដ្ឋានអក់លែន នៅតែត្រូវពន្យារពេល ឬលុបចោល ខណៈតំបន់ឆ្នេរជុំវិញទីក្រុងដែលមានប្រជាជនចំនួន ១.៦លាននាក់ ត្រូវបានបិទ។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោក គ្រីស ហ៉ីបគីន (Chris Hepkins) បានប្រាប់ទូរទស្សន៍រដ្ឋនៅថ្ងៃចន្ទនេះ យ៉ាងដូច្នេះថា «មានការខូចខាតយ៉ាងសម្បើមនៅទូទាំងទីក្រុង Auckland។ ជាក់ស្តែង ផ្ទះមួយចំនួនត្រូវរងការខូចខាតដោយសារទឹកជំនន់ ប៉ុន្តែជនរងគ្រោះត្រូវបានជម្លៀសចេញ។ បច្ចុប្បន្នមនុស្សចំនួន ៣៥០នាក់ កំពុងរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន»

គួរបញ្ជាក់ថា ភាគខាងជើងនៃតំបន់កោះខាងជើងរបស់ប្រទេសនូវែលសេឡង់ កំពុងទទួលរងនូវភ្លៀងច្រើនជាងធម្មតា ដោយសារតែបាតុភូតអាកាសធាតុ ឡា នីណា (La Nina)។ នាយកដ្ឋានឧតុនិយមនូវែលសេឡង់ បានព្យាករថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនឹងវាយប្រហារទីក្រុងដែលកំពុងរងគ្រោះស្រាប់ទៅហើយនោះ នៅល្ងាចថ្ងៃអង្គារសប្តាហ៍នេះ៕